លោកបណ្ឌិត កៅ ថាច ​បំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ

02-04-2026 14:03

(ខេត្តកណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃ ទី២ខែមេសាឆ្នាំ២០២៦នេះ បាន​ចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់។

មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលបានការបំពាក់មេដាយសំរឹទ្ធ​​ ​គឺមន្រ្តីរាជការ​ដែលបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន ជាប់កិច្ចសន្យាដែលសរុបអ្នកចូលរួមចំនួន ២៥០ នាក់។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផល ជាច្រើនមានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

​លោកបណ្ឌិត​មានប្រសាសន៍ទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែង បំពេញការងារ ដោយមិនខ្លាចការនឿយហត់ ជម្នះគ្រប់ឧបសគ្គយកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។

លើសពីនេះ​បណ្ឌិតបន្ថែមថា ការលះបង់និងការប្តេជ្ញាចិត្តរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជន ដោយឆន្ទៈ មនសិការ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ សីលធម៌ គឺជា គំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលបច្ចុប្បន្ន យុវជនបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន។

​ជាមួយគ្នានេះ លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ជាមន្រ្តីរាជការត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ដោយចុះជាប់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នៅមូលដ្ឋាន ដើម្បីពិនិត្យតាមដាន និងស្តាប់នូវសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកដោយយុត្តធម៌។ ជាមន្រ្តីរាជការត្រូវមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋ និងការសម្រេចចិត្តត្រូវផ្អែកលើកត្តា៣ សំខាន់គឺ (១)កត្តាវិចារវិទ្យា (២) កត្តាប្រវត្តិសាស្រ្ត និង(៣) កត្តាឡូស៊ិក។

​លោកបណ្ឌិត កៅ ថាច បានរំលឹកផងដែរថា ការធ្វើជាមន្រ្តីរាជការត្រូវតែបំពេញតួនាទីនិងភារៈកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេស ត្រូវតែបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន មានសុខសុវត្តិភាព និងស្ថេរភាពក្នុងសង្គម ។ ដូច្នោះ សូមបន្តខិតខំប្រឹងប្រែង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កាន់តែរឹងមាំ ដើម្បីបម្រើប្រជាជន និងអភិវឌ្ឍន៍ស្រុកខ្សាច់កណ្តាលឱ្យកាន់តែរីកចម្រើនផងដែរ៕