ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្ដាល ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង៤ពាន់បណ្ណជូនពលរដ្ឋនៅក្រុងសំពៅពូន
02-04-2026 14:22
(កណ្ដាល)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ដ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,៦៨២បណ្ណ ជូនប្រជាពលរដ្ឋមកពី ៩ភូមិ ក្នុងសង្កាត់សំពៅពូន និងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។
ពិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៨០៤នាក់។
ក្នុងឱកាសនោះ លោក គួច ចំរើន បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវការចុះបញ្ជីដីធ្លីនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ លើវិស័យដីធ្លី។
អភិបាលខេត្ត បានបន្តជំរុញការចែកបណ្ណកម្មសិទ្ធជូនដល់ដៃប្រជាពលរដ្ឋ ដោយមន្ទីរត្រូវបន្តផ្តល់បណ្ណដែលចេញរួចដល់រដ្ឋបាលក្រុងស្រុក ហើយអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យមកទទួលបណ្ណកម្មសិទ្ធ នៅតាមបណ្តាការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក។
អភិបាលខេត្តក៏បានលើកឡើងពីគុណប្រយោជន៍នៃ ដីធ្លីដែលបានចុះបញ្ជីមានបណ្ណកម្មសិទ្ធ គឺធានាបាននូវសិទ្ធិកម្មសិទ្ធពេញលេញ និងកាត់បន្ថយ ឬលុបបំបាត់វិវាទដីធ្លីទាំងស្រុង ហើយម្ចាស់ដីអាចយកទៅប្រើប្រាស់តាមតម្រូវការ ដោយទំនុកចិត្ត ដូចជា៖ ការលក់ដូរ ធ្វើអំណោយ ដាក់ហ៊ីប៉ូតែក ឬបញ្ចាំជាដើម។ ការផ្តល់បណ្ណនេះ មិនត្រឹមតែផ្តល់សិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងពង្រឹងស្ថេរភាពសង្គមផងដែរ។
លោក គួច ចំរើន បានបន្ថែមថា ក្រុងសំពៅពូន គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង ១៣ផ្សេងទៀត ដែលបានបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយរាល់ឯកសារទាំងអស់ដែលមិនមែនជាបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវទទួលស្គាល់នោះទេ មានតែបណ្ណកម្មសិទ្ធិដីធ្លីមួយមុខគត់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការលក់ ជួល ទេសាងសង់ និងធ្វើអ្វីផ្សេងៗទៀតបាន។ ហើយដីធ្លីដែលមិនទាន់មានបានកម្មសិទ្ធិ ចង់លក់ ជួល សាងសង់ ឬធ្វើអ្វីផ្សេងទៀត ត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញទើបមានសិទ្ធិប្រើប្រាស់ដីនោះបាន។
ប្រជាពលរដ្ឋ បានសំដែងការត្រេកអរ និងអរគុណជាអនេកកប្បការដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើប្លង់ដីជូនពួកគាត់ដោយឥតគិតថ្លៃ៕



























