អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុក ជូនពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ ២គ្រួសារ

02-04-2026 14:31

(រតនគិរី)៖ លោក ហេង ប៊ុន្នី អភិបាលស្រុក និងប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ២គ្រួសារ នៅភូមិប៉ក់ពោរ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នាឱកាសនោះ លោក ហេង ប៊ុន្នី បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរនិងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។ លោក បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះចំនួនគ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។

លោក ហេង ប៊ុន្នី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

អំណោយផ្តល់ជូនគ្រួសាររងគ្រោះទាំងពីរគ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣បេ, មី២កេស ,ត្រីខ២យួរ, ទឹកត្រី១យួរ, មុង១, ភួយ១, តង់១, ឆ្នាំងបាយ១, ឆ្នាំងសម្ល១, ចានបាយ១០, ស្លាបព្រា១០ និងថវិកាចំនួន ១៥០,០០០រៀល។ ដោយឡែករដ្ឋបាលឃុំប៉ក់ញ៉ៃ រួមនិងសប្បុរសជននៅមូលដ្ឋានក៏បានចូលរួមអំណោយបន្ថែមរួមមាន អង្ករ ៥បេ, ទឹកផ្លែឈើ២កេស, ត្រូខ៤យួរ, ទឹកសុីអុីវទឹកត្រី៨យួរ, មី២កេសធំ, ទឹកសុទ្ធ២កេស, ប៊ីចេង, អំបិល និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើ បានកើតកាលពីថ្ងៃទី៣១ ខែមីនា ២០២៦ វេលាម៉ោងជាង ១២៖០០នាទីថ្ងៃត្រង់ ម្ចាស់ផ្ទះមានឈ្មោះ សេវ ជាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ មានសមាជិកគ្រួសារ៦នាក់ និងមួយគ្រួសារទៀតឈ្មោះ រចំ ចន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ មានសមាជិកគ្រួសារ៤នាក់។ មូលហេតុដែលបានកើតឡើង គឺបណ្តាលមកពីផ្ទុះអាគុយសូឡាក្នុងផ្ទះ បណ្តាលឲ្យឆេះទាំងស្រុងផ្ទះចំនួន២ មានទំហំ ៧គុណ៨ និងផ្ទះមួយទៀតទំហំ ៥គុណ៦ម៉ែត្រ រួមនិងសម្ភារៈទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕