នគរបាលក្រុងតាខ្មៅ ចាប់ចោរលួចកាត់ខ្សែភ្លើងលួចបង្គោលភ្លើងរដ្ឋ២នាក់ ដែលតែងតែបង្កភាពក្ដៅក្រហាយដល់អ្នកក្រុងតាខ្មៅជាញឹកញយ

02-04-2026 14:41

(កណ្ដាល)៖ ចោរ២នាក់ដែលតែងធ្វើសកម្មភាពកាត់យកខ្សែអ្នកក្រុងតាខ្មៅទៅលក់ លួចទាំងខ្សែភ្លើង និងបង្គោលភ្លើងរដ្ឋនោះ ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបបានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា ជនសង្ស័យ២នាក់ ទី១៖ឈ្មោះ ថា ប៊ុននី ហៅឃ្នី អាយុ២៦ឆ្នាំ និងទី២៖ឈ្មោះ ថា វីវៈជិប អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកថា ចោរទាំងនាក់ជាក្រុមមួយ និងនៅសល់ក្រុមផ្សេងទៀតដែលតែងតែលួចកាត់ខ្សែភ្លើងដូចគ្នា ដែលបង្កការក្ដៅក្រហាយដល់អ្នកតាខ្មៅជាប្រចាំ ព្រោះដាច់ភ្លើងអត់ភ្លើងប្រើជាញឹកញាប់។ លើសនេះ ពួកគេតែងតែកាត់ខ្សែភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ និងលួចបង្គោលភ្លើងទៀតផង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកន្ត្រៃដែកកាត់ខ្សែបង្គោលភ្លើង ហើយយកទៅលក់បានលុយ៤,០០០រៀល ទៅ៥,០០០រៀល យកទៅទិញថ្នាំញៀនយកមកជក់ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕