ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឲ្យធ្វើបច្ចុប្បន្នភាព និងកែសម្រួលជូនបងប្អូនអតីតយុទ្ធជជូនអតីតយុទ្ធជន ដើម្បីឱ្យការទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលត្រឹមត្រូវតាមគោលការណ៍ (Video inside)

02-04-2026 15:56

(ភ្នំពេញ)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាជិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការអនុវត្តផ្តល់សេវា និងសម្របសម្រួលកន្លងមករបស់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ជាន់ថ្នាក់ ប៉ុន្តែលោកឲ្យធ្វើការវាយតម្លៃឡើងវិញ ដើម្បីឱ្យការទទួលនៃការឧបត្ថម្ភពីរាជរដ្ឋាភិបាលត្រឹមត្រូវតាមគោលការណ៍។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ចំពោះបងប្អូនអតីតយុទ្ធជនពិការមិនទាន់បានបំពេញបែបបទ ឬចន្លោះប្រហោងដោយប្រការណាមួយ, ខ្ញុំសូមណែនាំដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់នៅ ទូទាំងប្រទេស ខិតខំយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាព និងកែសម្រួលជូនបងប្អូនអតីតយុទ្ធជនឱ្យបានល្អិតល្អន់ ដើម្បីឱ្យពួកគាត់ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកាន់តែល្អប្រសើរ»

បើតាមលោកទេសរដ្ឋមន្រ្តី, ការយកចិត្តទុកដាក់ដល់ជនពិការគ្រប់រូប ជាពិសេសអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានធ្វើឡើងចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងបានដាក់ចេញគោលការណ៍ និងយន្តការនានា ដើម្បីជាប្រយោជន៍សម្រាប់ជនពិការទាំងអស់៕