ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំចាប់ពីវត្តបទុមវតី រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ

02-04-2026 15:58

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងហាត់សមក្បួនហែរអមទ្រង់ទ្រាយធំ ចាប់ពីសួនច្បារវត្តបទុមវតី រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

សម្រាប់តម្រាយផ្លូវនៃការហ្វឹកហាត់នេះ គឺចាប់ផ្ដើមចេញពី៖

១៖ ស្ដូបកម្ពុជា- វៀតណាម (មុខវត្តបទុមវតី)
២៖ វិមានឯករាជ្យ
៣៖ អាគារ៤២ជាន់ ស្ដុបពេទ្យចិន (បត់ឆ្វេងតាមបណ្ដោយផ្លូវមុន្នីវង្ស)
៤៖ ស្ពានអាកាសសម្ដេចតេជោ (៦០ម៉ែត្រ)
៥៖ ឆ្ពោះទៅអាកាសដ្ឋានអន្ដរជាតិតេជោ។

ដោយឡែក ផ្លូវត្រលប់ចេញមកវិញ៖
១៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ
២៖ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ
៣៖ បត់ស្ដាំតាមផ្លូវ Mercedez
៤៖ បត់ឆ្វេងតាមបណ្ដោយផ្លូវចាក់អង្រែក្រោម
៥៖ ដល់វិមានឯករាជ្យ បត់ស្ដាំឡើងទៅនាគបាញ់ទឹក
៦៖ គោលដៅបញ្ចប់នៅស្ដូបកម្ពុជា-វៀតណាម (មុខវត្តបទុមវតី)។

ក្នុងន័យនេះ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមតម្រាយផ្លូវការខាងលើ អាចវាងផ្លូវបណ្ដោះអាសន្ន​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ក្រោយបញ្ចប់ការហាត់សមក្បួនហែរអម ចរាចរណ៍នឹងបើកដំណើរការធម្មតាវិញ៕