ក្រសួងអប់រំ រៀបចំទិវាអប់រំកាយថ្នាក់ជាតិ លើកទី៦ នៅខេត្តកំពង់ឆ្នាំង
02-04-2026 16:25
(កំពង់ឆ្នាំង)៖ ទិវាអប់រំកាយថ្នាក់ជាតិ លើកទី៦នាឆ្នាំនេះ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាព្យាបាលសិស្ស ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរៀបចំនូវព្រឹត្តិការជាតិដ៏ធំមួយ គឺទិវាអប់រំកាយថ្នាក់ជាតិលើកទី៦ ស្របពេលដែលវិស័យកីឡា នៅខេត្តកំពង់ឆ្នាំង តែងតែមានការរីកចម្រើនជាបន្តបន្ទាប់ឈានឆ្ពោះទៅកាន់វឌ្ឍនភាពមួយកាន់តែល្អប្រសើរ។ ការប្រារព្ធទិវាអប់រំកាយថ្នាក់ជាតិលើកទី៦ ពិតជាបានឆ្លុះបញ្ចាំងនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលឲ្យកាន់តែល្អប្រសើរនៅគ្រប់សាលារៀន ដើម្បីពង្រឹងកិច្ចការងារ អប់រំកាយក្នុងម៉ោងសិក្សា ដែលធ្វើឲ្យសិស្សានុសិស្សមានភាពសប្បាយរីករាយ បង្កើននូវកម្លាំងពលំ ភាពរហ័សរហួនទាំងផ្លូវកាយ, ផ្លូវចិត្ត និងបញ្ញាស្មារតី ភាពវៃ ឆ្លាតក្នុងការសិក្សា។ ដើម្បីត្រៀមលក្ខណៈឲ្យបានពេញលេញធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាសិស្សអាស៊ានលើកទី១៧ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី លើកទី៦ ឆ្នាំ២០៣១ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។
លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រារព្ធទិវាអប់រំកាយនាពេលនេះ បានចែករំលែកនូវបទពិសោធន៍ដ៏មានសារៈសំខាន់ថ្មីៗ សម្រាប់លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយកទៅអនុវត្តបន្តទៀត។ ទិវាអប់រំកាយ គឺជាទិវាមួយដែលមានសារៈសំខាន់ ដូចទិវាផ្សេងៗ ទៀតផងដែរ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
ដោយឡែក នៅក្នុងប្រទេសកម្ពុជា ក្រសួងបានកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែមីនា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាអប់រំកាយ នៅគ្រប់សាលារៀនទូទាំងប្រទេស។ ក្រសួងបានកំណត់ការប្តូរវិលខេត្ត ជានិម្មិតរូប ក្នុងការរៀបចំនូវទិវានេះ ដែលបង្ហាញពីការចូលរួមលើកកម្ពស់លទ្ធផល នៃការសិក្សា សុខភាពផ្លូវកាយ ចិត្ត បញ្ញាឲ្យល្អប្រសើរ ក្នុងការចូលរួមអភិវឌ្ឍសមត្ថភាពចំណេះដឹងដល់សិស្សានុសិស្ស ឲ្យបានពេញលេញដើម្បីក្លាយទៅជាធនធានមនុស្ស ប្រកបដោយថាមពល គុណភាព មានសីលធម៌ សុជីវធម៌ យុត្តិធម៌ និងគុណធម៌ ស្របតាមចក្ខុវិស័យអប់រំកម្ពុជាឆ្ពោះទៅឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ បង្ហាញពីវប្បធម៌អប់រំកាយ កីឡាដើម្បីទាំងអស់គ្នា ស្តីពីការសាមគ្គីភាពរវាងសាលារៀន និងសហគមន៍ស្របតាមកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតប ទៅនឹងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ត និងភាពធន់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវបាវចនា៥៖ កំណើនការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព, អាទិភាពគន្លឹះ៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា៕























