ប្រមុខការទូតកម្ពុជា លើកឡើងអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រាប់ដល់រដ្ឋមន្រ្តីការបរទេសទីម័រឡេស្តេ
02-04-2026 16:45
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំអាហារថ្ងៃត្រង់ជូនជាកិត្តិយសដល់ លោក បេនឌីតូ ដូស សាន់តូស ហ្វ្រេសតាស រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ ក្នុងឱកាសលោកអញ្ជើញមកចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានចែករំលែកទស្សនៈអំពីការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕













