សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ជំហរកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធី
02-04-2026 16:53
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯករដ្ឋទូតសឹង្ហបុរីថា ជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពរយៈពេលយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សឹង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង។ សម្ដេចក៏បានអរគុណសឹង្ហបុរី ដែលចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃផងដែរ។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះលោក ផាង ឈីវី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សឹង្ហបុរីប្រចាំនៅកម្ពុជា។
សម្តេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោក ផាង ឈីវី មកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃសឹង្ហបុរី ចំពោះទំនាក់ទំនងជាមួយកម្ពុជា។
នៅក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត ផាង ឈីវី បានសម្ដែងនូវការអរគុណជាអនេក ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោក បានជួបជូនសារតាំងនៅក្នុងឱកាសនេះ។
លោកបានលើកឡើងថា កម្ពុជា និងសឹង្ហបុរី មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នាដែលកាលពីឆ្នាំ២០២៥ កន្លងទៅប្រទេសទាំងពីរបានប្រារព្ធខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទួតផ្លូវការជាមួយគ្នា ហើយដំណើរទស្សនកិច្ចនៃការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញ ទៅមករវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសឹង្ហបុរី។
លោកបានលើកឡើងផងដែរថា នៅក្នុងអាណត្តិការងាររបស់លោក លោកនឹងខិតខំប្រឹងប្រែងក្នុងការពួនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសឹង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះសង្កត់ធ្ងន់ថា ក្នុងអាណត្តិរបស់លោក លោកនឹងខិតខំប្រឹងប្រែង ក្នុងការកៀរករអ្នកវិនិយោគ របស់សឹង្ហបុរី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងផ្នែកទំនាក់ទំនងប្រជាជន និងប្រជាជនក៏ដូចគ្នាដែរ។
លោក នឹងខិតខំប្រឹងប្រែង និងពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស្អិតល្មួតតាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរទស្សនាប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។
សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានសម្ដែងការពេញចិត្តចំពោះការលើករបស់លោកអគ្គរដ្ឋទូតថ្មី ចំពោះការប្តេជ្ញាចិត្តរបស់លោក នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសឹង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោ ឯកភាព និងការលើកឡើងរបស់ឯកឧត្តម ចំពោះការផ្លាស់ប្ដូរនៃទស្សនកិច្ចជាញឹកញាប់នៃថ្នាក់ដឹកនាំប្រទេសទាំងពីររវាងគ្នា គឺបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានទស្សនកិច្ចនៅសឹង្ហបុរីនៅឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីរបស់សឹង្ហបុរី បានមកទស្សនកិច្ចនៅកម្ពុជាឆ្នាំ២០២៥។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ គឺជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងសឹង្ហបុរី។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះសឹង្ហបុរី ដែលបានចូលរួមចំណែកបណ្ដុះបណ្ដាលនូវធនធានមនុស្សក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកអគ្គរដ្ឋទូតសឹង្ហបុរី បំពេញបេសកកម្មនៅកម្ពុជាឱ្យទទួលបានជោគជ័យ ជាពិសេស គឺពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសឹង្ហបុរី ឱ្យកាន់តែរីកចម្រើន៕















