BREAKING: តំណាងអយ្យការ សម្រេចចោទប្រកាន់ កូនស្នងការរងខេត្តបន្ទាយមានជ័យ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់មនុស្ស៦នាក់ នៅស្រុកមោងឫស្សី ចំនួន៣បទល្មើស

02-04-2026 17:43

(បាត់ដំបង)៖ ទីបំផុត ! តំណាងអយ្យការអមសាលារដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរា​ចរណ៍បុកមនុស្សស្លាប់៦នាក់ នៅស្រុកមោងឫស្សី ចំនួន២បទល្មើស ដោយបានបំបែកជា៣សំណុំរឿងផ្សេងគ្នា។

ក្នុងករណីនេះ អយ្យការបានបំបែកជា២សំណុំរឿង ដោយសំណុំរឿងទី១ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) និងសំណុំរឿងទី២ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន។

ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង កាលពីម៉ោង១០យប់ ថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូចំនួន៥នាក់ (ស្ដ្រីមានផ្ទៃពោះម្នាក់) និងរងរបួសចំនួន១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ ខែមេសានេះ បន្ទាប់ពីរូបគេ ត្រូវបានឪពុកម្តាយនាំខ្លួន មកកាន់ស្នងការនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមេសា ក្រោយរត់គេចបានជិត១សប្តាហ៍។

សេចក្តីប្រកាសរបស់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថា
ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ (ឃាត់ខ្លួន) ដោយសម្រេចបំបែកសំណុំរឿងជា២៖

* សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច «គ» នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៦ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

* សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុង បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រម ព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៨ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៤០នាទី ស្ថិតនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.៦១៦៨ បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតចូលទៅគន្លងផ្លូវរបស់ម៉ូតូ បានបុកចំពីខាងក្រោយម៉ូតូចំនួនពីរ គ្រឿងរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយកន្លែង ស្ថិតនៅ ទីរួមស្រុកមោងឬស្សីនារាត្រីនោះ បណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន ៥នាក់ ដែលក្នុងនោះស្ត្រីម្នាក់មានគភ៌ ចំនួន ៣ខែ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងអស់រស់នៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្កគ្រោះថ្នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តបង្កហេតុនៅទីនោះ។ ករណីនេះ បានផ្ទុះសម្រែកទាមទារយុត្តិធម៌ជាបន្តបន្ទាប់ ជាពិសេសពីអ្នកប្រើប្រាស់បណ្តាញសង្គម រហូតដល់មានបទបញ្ជាពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

តំណាងអយ្យការ សម្រេចចោទប្រកាន់ កូនស្នងការរងខេត្តបន្ទាយមានជ័យ ដែលបើកឡានបុកស្លាប់មនុស្ស៦នាក់ នៅបាត់ដំបង ២សំណុំរឿង ស្មើចំនួន៣បទល្មើស
បទល្មើសទី១៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ (ច្រើននាក់)
បទល្មើសទី២៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ
បទល្មើសទី៣៖ រត់គេចខ្លួន

យោងតាមសំណួរទៅកាន់ Fresh AI ផ្នែកច្បាប់បានបង្ហាញពីខ្លឹមសារ និងពន្យល់ដូចខាងក្រោម៖