CMG សម្ពោធបើកដំណើរការថតភាពយន្តឯកសារ ««សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ»»

02-04-2026 18:12

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានរៀបចំពិធីបើកដំណើរការថត ភាពយន្តឯកសារមួយក្រោមចំណងជើងថា «សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ» ដែលជាកិច្ចសហការរវាងមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី-អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រី អរុណ (Xu Xiaoxia) តំណាងមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី-អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមានចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងយូរលង់។ ខ្សែភាពយន្តឯកសារ "សួស្តី គ្រូពេទ្យចិនរបស់ខ្ញុំ" ដែលចាប់ផ្តើមថតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃនេះ មិនមែនគ្រាន់តែជាការកត់ត្រានូវសមិទ្ធផលវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដិតយកនូវ ការលះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យចិន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។ បង្ហាញពីភាពស្និទ្ធស្នាល ការយោគយល់ និងការជឿជាក់រវាងគ្រូពេទ្យ និងអ្នកជំងឺ ក៏ដូចជាកិច្ចសហការប្រកៀកស្មារវាងគ្រូពេទ្យនៃប្រទេសទាំងពីរ និងជាពិសេស បង្ហាញពីទឹកចិត្ត "មេត្តាធម៌គ្មានព្រំដែន" ដែលគ្រូពេទ្យកម្ពុជានិងចិនបាននាំមកជូនប្រជាជនកម្ពុជា។

លោកស្រីសង្ឃឹមថា តាមរយៈការថត និងការផ្សព្វផ្សាយភាពយន្តឯកសាររឿង «សួស្តីគ្រូពេទ្យចិនរបស់ខ្ញុំ!» នឹងធ្វើឱ្យមិត្តភក្តិកម្ពុជាស្វែងយល់ដឹងអំពីគ្រូពេទ្យចិន និងជួយជំរុញបន្ថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត។
ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ សុគន្ធ នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសមៈ បានមានប្រសាសន៍ថា អស់រយៈពេល៤ឆ្នាំមកនេះ ក្រុមគ្រូពេទ្យជំនាញរបស់ចិនបានធ្វើដំណើរមកពីឆ្ងាយមកកាន់កម្ពុជាដើម្បីបំពេញបេសកម្ម រួមសុខរួមទុក្ខជាមួយបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យរបស់យើង។ ពួកគាត់មិនត្រឹមតែនាំមកនូវបច្ចេកទេសព្យាបាលកម្រិតខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរផងដែរ។ ការគាំទ្ររបស់មិត្តចិន ចំពោះវិស័យសុខាភិបាលកម្ពុជា បានជួយជំរុញដល់ការអភិវឌ្ឍ ក្នុងសហគមន៍របស់យើង នេះគឺជាកត្តាចម្បងក្នុងការជួយលើកកម្ពស់ ជីវភាពរស់នៅដ៏សុខដុមរមនា និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីមិត្តភាពប្រពៃណីដ៏ល្អកម្ររកបានក្នុងពិភពលោកយើងនេះ ជាក់ស្តែងការខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា-ចិន នឹងកត់ត្រានូវភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រជាជន ប្រទេសទាំងពីរ ក្នុងយុគសម័យថ្មីនេះ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងការផ្លាស់ប្តូរប្រជាជន និង ប្រជាជន និងអនុវត្តចក្ខុវិស័យ "សហគមន៍សុខភាពរួមនៃមនុស្សជាតិ" គណៈកម្មការសុខាភិបាលជាតិ បានរួមគ្នាដាក់ចេញនូវគម្រោងផ្សព្វផ្សាយការជួយសង្គ្រោះវេជ្ជសាស្ត្រនៅក្រៅប្រទេស ដោយសហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីផលិតខ្សែភាពយន្តឯកសារចំណងជើងថា "សួស្តី! គ្រូពេទ្យចិនរបស់ខ្ញុំ" ក្នុងគោលបំណងរៀបរាប់រឿងរ៉ាវពិតរបស់គ្រូពេទ្យចិននៅក្រៅប្រទេស តាមរយៈរូបភាពវីដេអូជាក់ស្តែង។

ក្រុមការងារថតភាពយន្តឯកសារនឹងប្រើប្រាស់វិធីសាស្ត្រថតផ្ទាល់ ការសម្ភាសន៍ឡើងវិញ និងការរួមបញ្ចូលឯកសារប្រវត្តិសាស្ត្រ ដើម្បីចងក្រងរឿងរ៉ាវ ជួយសង្គ្រោះក្នុងប្រទេសជាច្រើន ដើម្បីបង្ហាញពីទស្សនៈការបរទេស ជាមួយប្រទេសជិតខាងប្រកបដោយ "ភាពស្និទ្ធស្នាល ភាពស្មោះត្រង់ ផ្ដល់ផលប្រយោជន៍ និងបរិយាប័ន្ន"។ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសុខាភិបាលកម្ពុជា-ចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងក្លាយជាទីតាំងថតស្នូល ដើម្បីកត់ត្រានូវសកម្មភាពពិតនៃការលះបង់នៅជួរមុខ របស់ក្រុមគ្រូពេទ្យចិន និងរឿងរ៉ាវរំភើបចិត្តនៃកិច្ចសហការរវាងគ្រូពេទ្យកម្ពុជា និងចិន ក្នុងការថែរក្សាសុខភាពប្រជាជន៕

វិទ្យុមិត្តភាពកម្ពុជាចិន