កម្លាំង CMAC ដោះបន្សាបគ្រាប់បែក ដែលថៃទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម​ ដោយជោគជ័យ

02-04-2026 19:07

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៦នេះ​ នៅទិសខេត្តឧត្តរមានជ័យ​ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម​ ប្រកបដោយជោគជ័យនិងសុវត្ថិភាព។

លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងទៀតថា គ្រាប់បែក MK-82 នេះ បានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 ផលិតនៅឆ្នាំ២០១០​ ដោយក្រុមហ៊ុន​ GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែម សម្ភារបច្ចេកទេស របស់ក្រុមហ៊ុនកូរ៉េខាងត្បូង​ HWG​(Hanwha Corporation) និងបានទម្លាក់លើមាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២៥​ វេលាម៉ោងប្រមាណ៤រសៀល។

លោក ហេង រតនា ក៏បានកោតសរសើរចំពោះកម្លាំងជំនាញអង្គភាព CMAC ជួរមុខទាំងអស់ដែលបានចូលរួម​ លះបង់​ និងធ្វើពលីកម្ម ក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍន៍ឡើងវិញក្រោយមានបទឈប់បាញ់​ ស្របតាមស្មារតីដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី។

សូមរំលឹកនិងចងចាំថា​ ព្រះរាជាណាចក្រកម្ពុជាដ៏កំសត់នេះ​ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែក ពីយន្តហោះជាង១០ឆ្នាំពោលពី១០​ មករា​ ឆ្នាំ១៩៦២​ ដល់ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ១៩៧៥​ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់​ (១.២០០.០០០គ្រាប់)៕