រដ្ឋមន្ត្រី ហេង សួរ៖ កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស

02-04-2026 19:56

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស។

លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។

លោក ហេង សួរ បានថ្លែងដូចនេះរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់ (ស្រ្តី៤នាក់)ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនាពេលនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលក្រៅពីការផ្លាស់ប្តូរបច្ចេកទេស វាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ស្តង់ដាវិស្វកម្មដល់កម្រិតសកលផងដែរ។

លោកបានចាត់ទុកប្រធានបទនេះ ជាស្នូលសម្រាប់បេសកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្ហាញយ៉ាងច្បាស់ពីការខិតខំរួមក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធក្នុងវិស័យវិស្វកម្ម ដោយផ្អែកលើស្មារតី «ទន្លេរួម អនាគតរួម» ជាពិសេស កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន (MRA) ស្តីពីសេវាវិស្វកម្ម នៅតែជាគ្រឹះសំខាន់សម្រាប់ការខិតខំរួមក្នុងការបង្កភាពងាយស្រួលដល់បម្លាស់ទីវិស្វករ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន។

លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តយសនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាស្នូល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោល រួមទាំងការពង្រឹងសមត្ថភាពជំនាញ និងស្តង់ដាវិជ្ជាជីវៈវិស្វកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ BEC ដែលជាស្ថាប័នសំខាន់ក្នុងបេសកកម្មបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព ដោយគោរពតាមសីលធម៌វិជ្ជាជីវៈ និងជំរុញវិស័យវិស្វកម្មឲ្យទំនើប និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យវិស្វករទាំងអស់បំប្លែងចំណេះទាំងនេះទៅជាសកម្មភាពជាក់ស្តែងដ៏មានន័យ ដោយកុំទុកវានៅត្រឹមជាទ្រឹស្តី។ ទន្ទឹមនឹងនេះ ដោយសង្កេតឃើញវត្តមានស្រ្តីជាវិស្វករមានចំនួនតិច ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្រ្តីចូលរួមកាន់តែច្រើនក្នុងវិស័យនេះ ព្រោះថា វិស្វករស្ត្រីពិតជាមានតម្លៃជាខ្លាំង ខណៈដែលវិស័យនេះក៏ពាក់ព័ន្ធនឹងភាពឆ្លាតវៃ ចំណេះដឹង និងសេវាកម្មផងដែរ ដោយមិនមែនត្រឹមតែការងារសំណង់ ឬការងារធ្ងន់ប៉ុណ្ណោះទេ។

លោក ឆិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកសេវាវិស្វកម្ម ពិតជាមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច និងការតភ្ជាប់តំបន់ ជាពិសេសនៅតំបន់មេគង្គ ហើយការពង្រឹងគុណវុឌ្ឍិនៃវិស្វករ គឺជាចំណុចសំខាន់សម្រាប់ការបម្លាស់ទីវិជ្ជាជីវៈ ការលើកកម្ពស់មត្ថភាព និងការផ្គត់ផ្គង់សេវាវិស្វកម្មឱ្យមានប្រសិទ្ធភាព។

គម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបតាមតម្រូវការទាំងនេះ ដោយផ្តល់ការបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីៗនៃឧស្សាហកម្មវិស្វកម្មសំណង់ស៊ីវិលពិភពលោក ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅកម្ពុជា និងតំបន់៕