ក្រសួងសុខាភិបាលចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង (Video inside)
02-04-2026 20:05
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលមានការឡើងកម្ដៅក្នុងចន្លោះពី ៣៧°C ទៅ៤១°Cបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានការកើតមានរលកកម្ដៅមិនទៀងទាត់។ អាកាសធាតុក្ដៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមានបញ្ហានៅខួរក្បាល(Heat Stroke) ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និងនាំឱ្យមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាករូស ជំងឺរាកមួល និងជំងឺគ្រុនពោះវៀន។ល។
បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។
ដើម្បីថែទាំសុខភាព និងបង្ការជំងឺ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំងដូចខាងក្រោម៖
* ត្រូវពិសាទឹកស្អាត ឬទឹកដោយប្រើធុងចម្រះ ឬទឹកដាំឱ្យពុះ ឬទឹកដែលបន្សុទ្ធដោយថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន២គ្រាប់ អាចលាយទឹក២០លីត្រ)។
* ពិសាទឹកឱ្យបានញឹកញាប់ លើសពី២លីត្រ ក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ។
* ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារកម្ដៅព្រះអាទិត្យ។
* ស្លៀកសម្លៀកបំពាក់ដែលអាចជួយការពារកម្ដៅព្រះអាទិត្យដូចជា សម្លៀកបំពាក់ពណ៌ស្រាល រលុង និងពាក់មួក ដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។
* កុំងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង។
* រក្សាអនាម័យខ្លួនប្រាណ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញ៉ាំអាហារ និងក្រោយចេញពីបង្គន់។
* ទុកដាក់ម្ហូបអាហារដោយមានគម្របត្រឹមត្រូវ។
* ចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ អំបិលច្រើន។
* សមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់ ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារ ក្រោមអាយុ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ។
* ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ (រមូលក្រពើ) ត្រូវគិតថាជាសញ្ញាដំបូងនៃផលប៉ះពាល់ដោយសារកម្ដៅ ក្នុងករណីនេះត្រូវផ្លាស់ប្ដូរទៅរកទីកន្លែងត្រជាក់ និង ត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យដល់សុខភាព។
* ចៀសវាងការចោមរោមអ្នកជំងឺដែលមានបញ្ហាសុខភាព និងត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។
* វិធីសង្គ្រោះបឋមពេលមានមនុស្សសន្លប់ ឬវិលមុខខ្លាំងដោយសារកម្ដៅ៖
-នាំអ្នកជំងឺទៅកន្លែងដែលមានម្លប់ត្រជាក់ជាបន្ទាន់។
- បញ្ចុះកម្តៅរាងកាយដោយប្រើកន្សែងជោគទឹកត្រជាក់ជូតខ្លួន ឬដាក់នៅក្រោមក្លៀក ត្រង់ក បើអាចគួរប្រើកង្ហារបក់។
- ដាក់ជនរងគ្រោះឱ្យដេកផ្ងារ លាតសន្ធឹង និងលើកជើងឱ្យខ្ពស់បន្តិច ដើម្បីឱ្យឈាមរត់ទៅចិញ្ចឹមខួរក្បាលបានល្អ។
- បើជនរងគ្រោះនៅដឹងខ្លួន ឱ្យគាត់ផឹកទឹកត្រជាក់បន្តិចម្ដងៗ។ ហាមប្រើទឹកពេលគាត់សន្លប់ ឬបាត់ស្មារតី ព្រោះអាចបណ្ដាលឱ្យឈ្លក់។
- បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រសិនបើអាការៈមិនធូរស្រាលក្នុងរយៈពេល ១៥នាទី ឬអ្នកជំងឺសន្លប់មិនដឹងខ្លួន ត្រូវហៅរថយន្តគិលានសង្គ្រោះជាបន្ទាន់។
ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវសហការឱ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន តាមដានស្ថានភាពសុខភាពប្រជាជនក្នុងមូលដ្ឋាន ជាពិសេសជនងាយរងគ្រោះ ដោយចាត់ចែងជាបន្ទាន់ក្នុងករណីប្រជាជនមានបញ្ហាសុខភាពណាមួយកើតឡើង។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕






