* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អដ្ឋិធាតុមកជួបជុំក្រុមគ្រួសារវិញក្នុងរដូវចូលឆ្នាំខ្មែរ ក្រោយបាត់អស់រយៈពេលជាង៣០ឆ្នាំ

02-04-2026 20:09

(ភ្នំពេញ)៖ អដ្ឋិធាតុមកជួបជុំក្រុមគ្រួសារវិញក្នុងរដូវចូលឆ្នាំខ្មែរ ក្រោយបាត់អស់រយៈពេលជាង៣០ឆ្នាំ គឺជារឿងពិតរបស់អ្នកស្រី ជា ធីតា ដែលទើបប្រទះឃើញអដ្ឋិធាតុរបស់ប្តីដែលមានឈ្មោះ អ៊ឹង សុខា បន្ទាប់ពីបាត់បង់អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។

អដ្ឋិធាតុនេះគឺជាអដ្ឋិធាតុមួយនៅក្នុងហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) ដែលមានកោដ្ឋសរុបចំនួន៤៦៤ រក្សានៅវត្តលង្កា រៀបចំទុកដាក់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ កោដ្ឋទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។

អ្នកស្រី ជា ធីតា បានរៀបរាប់ថា៖ «ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំឈ្មោះ អ៊ឹង សុខា នៅឆ្នាំ១៩៨១។ ប្តីរបស់ខ្ញុំមានតួនាទីជាប្រធានមន្ទីរ វិទ្យុជាតិ នៅទីក្រុងភ្នំពេញ។ ប្តីរបស់ខ្ញុំមានស្រុកកំណើតនៅភូមិចាអោ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ខ្ញុំរួមរស់ជាមួយប្ដីខ្ញុំបានរយៈពេល៣ឆ្នាំ ទើបខ្ញុំសម្រាលបានកូនស្រីម្នាក់។ នៅឆ្នាំ១៩៨៤ ប្ដីរបស់ខ្ញុំជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសប៊ុលហ្ការី ចំណែកខ្ញុំត្រូវនៅមើលថែកូនតូចរបស់ខ្ញុំនៅទីក្រុងភ្នំពេញ»។

អ្នកស្រីបានបញ្ជាក់ឲ្យដឹងថា៖ «នៅចុងឆ្នាំ១៩៨៧ ខ្ញុំទទួលដំណឹងថាប្ដីរបស់ខ្ញុំបានស្លាប់នៅប្រទេសប៊ុលហ្ការី ដោយគ្រោះថ្នាក់ក្នុងពេលជិះរថភ្លើង ហើយកាលនោះគាត់មានអាយុ៣១ឆ្នាំ។ ប្តីរបស់ខ្ញុំរៀនមិនទាន់ចប់ទេ។ បន្ទាប់ពីទទួលដំណឹងពីការស្លាប់របស់ប្តីខ្ញុំ ខ្ញុំបានស្នើទៅអង្គភាពវិទ្យុជាតិ សុំឱ្យជួយរៀបចំដឹកសាកសពប្ដីរបស់ខ្ញុំត្រឡប់មកស្រុកកំណើតវិញ តាមជើងយន្តហោះមកកាន់ក្រុងភ្នំពេញ។ នៅដើមឆ្នាំ១៩៨៨ សពប្ដីរបស់ខ្ញុំបានដល់មកទីក្រុងភ្នំពេញ។ ខ្ញុំនិងក្រុមការងារនៅវិទ្យុជាតិ បានរៀបចំធ្វើពិធីបុណ្យសពប្តីរបស់ខ្ញុំតាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅផ្ទះឪពុកម្តាយខ្ញុំ ម្ដុំផ្សារស៊ីឡឹប។ បន្ទាប់មក សពប្ដីរបស់ខ្ញុំត្រូវដង្ហែរទៅបូជានៅវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។ ក្រោយពីបូជាសពរួចរាល់ ក្រុមគ្រួសារខ្ញុំបានរៀបចំទុកដាក់ធាតុប្ដីរបស់ខ្ញុំនៅក្នុងកោដ្ឋ ដោយមានបិតភ្ជាប់រូបថតប្តីរបស់ខ្ញុំមួយសន្លឹក និងមានប្រអប់កញ្ចក់ការពារពីលើមួយជាន់ទៀត។ ខ្ញុំនិងក្រុមគ្រួសារបានផ្ញើធាតុប្តីរបស់ខ្ញុំជាមួយព្រះសង្ឃគង់នៅវត្តលង្កា។

នៅឆ្នាំ១៩៩៧ ខ្ញុំមានបំណងទៅទទួលអដ្ឋិធាតុប្ដីរបស់ខ្ញុំយកទៅបញ្ចុះឯស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំវិញ។ ប៉ុន្ដែខ្ញុំស្វែងរកធាតុប្ដីខ្ញុំមិនឃើញទាល់តែសោះ ដោយសារទីតាំងតម្កល់អដ្ឋិធាតុប្តីរបស់ខ្ញុំត្រូវបានរុះរើប្ដូរទីតាំងជាច្រើនលើក។ នៅឆ្នាំ២០០០ ខ្ញុំសម្រេចចិត្តទៅស្វែងរកអដ្ឋិធាតុប្តីរបស់ខ្ញុំម្ដងទៀត ប៉ុន្ដែនៅតែរកមិនឃើញ។ ហេតុនេះ ខ្ញុំបានរៀបចំពិធីឧបកិច្ចដោយកើបដីក្នុងវត្តលង្កាមួយក្តាប់តំណាងធាតុប្ដីរបស់ខ្ញុំ ដើម្បីយកទៅបញ្ចុះក្នុងផ្នូរនៅស្រុកកំណើ»។

«នៅខែធ្នូ ឆ្នាំ២០២៥ កន្លងមក ខ្ញុំបានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅវត្តលង្កា។ ខ្ញុំបានជួបព្រះអង្គ ចាន់ ហើយព្រះអង្គមានសង្ឃដីកាប្រាប់ខ្ញុំអំពី ហោអដ្ឋិធាតុ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំឡើងសម្រាប់តម្កល់អដ្ឋិធាតុអ្នកដែលបានទទួលមរណកាលទៅ ឱ្យមានសណ្ដាប់ធ្នាប់ និងងាយស្រួលសម្រាប់សាច់ញាតិស្វែងរក។

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបានមកជួបព្រះបវរសត្ថា ហួរ សារិទ្ធិ ជាព្រះចៅអធិការរងវត្តលង្កា ព្រះកុសុមារាម ដើម្បីស្វែងរកអដ្ឋិធាតុប្តីរបស់នៅ ហោអដ្ឋិធាតុ វត្តលង្កា ដែលព្រះអង្គ ចាន់ បានប្រាប់ខ្ញុំកន្លងមក។ ព្រះបវរសត្ថា ហួរ សារិទ្ធិ បានទាក់ទងទៅលោក រស់ សំពៅ ប្រធានហោអដ្ឋិធាតុនៃមជ្ឈមណ្ឌលឯកសារកម្ពុជាអំពីព័ត៌មាននេះ។ លោក រស់ សំពៅ បានយកសៀវភៅបញ្ជីឈ្មោះអដ្ឋិធាតុដែលបានស្រាវជ្រាវ និងចងក្រងទុក មកឱ្យខ្ញុំពិនិត្យ ទើបខ្ញុំរកឃើញឈ្មោះប្តីរបស់ខ្ញុំ អ៊ឹង សុខា ពិតប្រាកដមែននៅលេខរៀង២០៧។ ខ្ញុំបានស្នើសុំពីមជ្ឈមណ្ឌលឯកសារកម្ពុជារួចហើយ ខ្ញុំនឹងមកទទួលអដ្ឋិធាតុប្តីរបស់ខ្ញុំទៅបញ្ចុះនៅឯស្រុកកំណើត នៅចុងឆ្នាំ២០២៦»៕