វិភាគអន្តរជាតិ៖ បើគ្មានសហរដ្ឋអាមេរិក NATO គឺជាខ្លាក្រដាសមែនឬ?
02-04-2026 20:52
(វ៉ាស៊ីនតោន)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និង NATO បានឆាបឆេះជាថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែមេសា បានគំរាមដកសហរដ្ឋអាមេរិកចេញពី បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយសារតែខឹងសម្បារនឹងបណ្ដាប្រទេសអឺរ៉ុបដែលបានបដិសេធបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz និងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេវាយប្រហារលើអ៉ីរ៉ង់។ លោក ត្រាំ បានចំអកឡកឡើយម្ដងហើយម្ដងទៀតថាបើគ្មានសហរដ្ឋអាមេរិកទេ NATO គ្រាន់តែជាខ្លាក្រដាសមួយតែប៉ុណ្ណោះ។
ការគំរាមរបស់លោក ត្រាំ ទៀតសោតកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបដិសេធធ្វើការបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះ សន្តិសុខជាសមូហភាពរបស់ NATO ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់បក្សសម្ព័ន្ធយោធាធំជាងគេរបស់ពិភពលោកមួយនេះ។ តើ NATO ពិតជាខ្លាក្រដាស ហើយលោក ត្រាំ ពិតជាអាចដក សហរដ្ឋអាមេរិកចេញពី NATO បានឬ?
បើនិយាយពីផ្លូវច្បាប់ លោក ត្រាំមានជម្រើសតិចតួចបំផុត ឬសឹងតែមិនអាចដកសហរដ្ឋអាមេរិកចេញពី NATO បានទេ ប្រសិនបើគ្មានការយល់ព្រមពីសភារបស់សហរដ្ឋអាមេរិក។ ច្បាប់មួយដែលត្រូវបាន អនុម័តកាលពីឆ្នាំ២០២៣ និងត្រូវបានជួយជ្រោមជ្រែងដោយអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការបរទេសរបស់លោក ដូណាល់ ត្រាំ បានរារាំង ប្រធានាធិបតីអាមេរិក ពីការព្យួរ ការហែកចោល ឬការថ្កោលទោសសន្ធិសញ្ញា NATO ឬក៏ការដកសហរដ្ឋអាមេរិកចេញពីបក្សសម្ព័ន្ធយោធាមួយនេះ លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភាអាមេរិក ក្នុងសំឡេងគាំទ្រភាគច្រើន ២ភាគ៣ ឬក៏សភាអាមេរិក (មានសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា) ត្រូវអនុម័តច្បាប់ថ្មីមួយផ្សេងទៀត។ ក្រុមអ្នកជំនាញមើលឃើញថាអនុម័តច្បាប់ថ្មីដើម្បីដកសហរដ្ឋអាមេរិក ចេញពី NATO ក៏ប្រហែលជាមិនអាចទទួលបានជោគជ័យឡើយ ពីព្រោះអ្នកតំណាងរាស្ត្រសាធារណរដ្ឋដែលគាំទ្រ NATO អាចនឹងរត់ទៅឈរនៅខាងគណបក្សប្រជាធិបតេយ្យ ដើម្បីរាំងខ្ទប់ការប៉ុនប៉ននេះ។
តែទោះជាបែបនេះក្ដី លោក ត្រាំ នៅតែមានមធ្យោបាយផ្សេងដើម្បីធ្វើឱ្យ NATO ក្លាយជាខ្លាក្រដាស ប្រសិនបើលោកពិតជាចង់ធ្វើបែបនេះមែន។ ក្នុងនោះលោក ត្រាំ អាចដកឯកអគ្គរដ្ឋទូត និងបុគ្គលិកយោធាអាមេរិកចេញពីទីស្នាក់ការកណ្ដាលរបស់ NATO ឬក៏លុបចោលការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើសមយុទ្ធយោធា ឬកម្មវិធីចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់។ លោក ត្រាំ អាចពន្យារពេលការផ្ដល់ជំនួយយោធា ឬធ្វើដូចដែលលោកបានលើកឡើងពីអតីតកាលថាសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្ត NATO ណាដែលបានបង្កើនកញ្ចប់ថវិកាយោធាតាមគោលដៅដែល បានកំណត់តែប៉ុណ្ណោះ។ ក្រៅពីនេះលោក ត្រាំក៏អាចកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុបផងដែរដែលបច្ចុប្បន្នមានចំនួនប្រហែល ១០០ ០០០នាក់ អាស្រ័យទៅលើប្រតិបត្តិការ និងការធ្វើសមយុទ្ធយោធា។ មិនតែប៉ុណ្ណោះប្រសិនបើចង់ធ្វើខ្លាំងជាងនេះ នោះគឺលោក ត្រាំអាចបដិសេធមិនអនុវត្តតាមមាត្រា៥ ដែលបានចែងកំណត់ថាការវាយប្រហារលើសមាជិកណាមួយ មានន័យស្មើនឹងការវាយប្រហារលើ NATO ទាំងមូល ឬក៏ដកឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលកំពុងការពារបណ្ដាប្រទេសអឺរ៉ុបពីការគំរាមកំហែងពីសត្រូវ ជាពិសេស គឺរុស្ស៉ី។
ច្បាប់ National Defense Authorization Act ឆ្នាំ២០២៦ បានដាកកំហិតមួយចំនួនលើសមត្ថភាពរបស់ប្រធានាធិបតីអាមេរិកក្នុងការបំផ្លាញ NATO។ ច្បាប់នេះតម្រូវឱ្យបំពេញលក្ខខណ្ឌឱ្យ គ្រប់គ្រាន់សិន មុននឹងសហរដ្ឋអាមេរិកអាចកាត់បន្ថយវត្តមានកងទ័ពក្នុងតំបន់អឺរ៉ុបឱ្យនៅក្រោម ៧៦ ០០០នាក់ សម្រាប់រយៈពេលលើសពី៤៥ថ្ងៃ។ រីឯរដ្ឋមន្ត្រីការពារជាតិត្រូវជូនដំណឹងទៅកាន់ សភាអាមេរិកថាសកម្មភាពបែបនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សន្តិសុខជាតិអាមេរិក ហើយសហរដ្ឋអាមេរិកត្រូវតែពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ ច្បាប់នេះក៏បានរារាំង ផងដែរការប៉ុនប៉ងណាមួយដើម្បីដកមន្ត្រីអាមេរិកចេញពីតួនាទីជាមេបញ្ជាការកំពូលរបស់ NATO និងហាមឃាត់ការប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាលអាមេរិកដើម្បីសម្រួលដកការដកខ្លួនចេញពីសន្ធិសញ្ញា NATO ដោយគ្មានការយល់ព្រមពីសភា។ ក៏ប៉ុន្តែកន្លងមក គ្មានអ្វីអាចរារាំងលោក ត្រាំបានឡើយ ដោយលោកនៅតែអាចបង្វែរមូលនិធិទៅផ្គត់ផ្គង់ទីភ្នាក់ងារផ្សេងៗ ឬការធ្វើប្រតិបត្តិការយោធា ដោយមិនមានការអនុម័តយល់ព្រមពីសភា និងអាចផ្ទេរកងទ័ពអាមេរិកទៅកាន់តំបន់ផ្សេងដោយមិនចាំបាច់ប្រកាសដកពួកគេចេញពី NATO ផ្លូវការ។
តែទោះជាយ៉ាងណាក៏ដោយ លោក Sten Rynning ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of Southern Denmark ដែលជំនាញសិក្សាពី NATO បាននិយាយថាលោកមិនសូវ ជឿទេថាលោក ត្រាំ នឹងធ្វើតាមពាក្យសម្លុតគំរាមដកសហរដ្ឋអាមេរិកចេញពី NATO។ តាមសាស្ត្រាចារ្យរូបនេះ សហរដ្ឋអាមេរិកមានផលប្រយោជន៍ជាមូលដ្ឋាននៅក្នុងការធានាការពារសន្តិសុខរបស់អឺរ៉ុប។ សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ព កងទ័ព និងអាវុធនៅទូទាំងទ្វីបអឺរ៉ុបដែលនេះបានផ្ដល់នូវសមត្ថភាពទប់ស្កាត់ការគំរាមកំហែងនានាកុំឱ្យធ្លាយចូលទៅដល់ទឹកដីអាមេរិក។
ក្នុងន័យនេះលោក Rynning យល់ថាការបែរខ្នងដាក់អឺរ៉ុប ក៏អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ធំផងដែរ ទោះជាអឺរ៉ុបអាចនឹងខាតបង់ធ្ងន់ធ្ងរខ្លាំងជាង ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពី NATOក៏ដោយ។ និយាយម្យ៉ាងទៀត ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី NATO អាចនឹងធ្វើឱ្យឥទ្ធិពលរបស់អាមេរិកចុះខ្សោយ ដោយវាជំរុញឱ្យប្រទេសជាសមាជិក NATO ផ្សេងទៀតចាប់ផ្ដើមធ្វើ ការសម្រេចចិត្តដោយខ្លួនឯងអំពីសន្តិសុខដោយមិនចាំបាច់រង់ចាំការងក់ក្បាលយល់ព្រមពីសហរដ្ឋអាមេរិក។ តាមលោកសាស្ត្រចារ្យ Rynning កិច្ចសហប្រតិបត្តិការកម្រិតមេដឹកនាំរបស់ NATO មិនមានភាពរីកចម្រើននោះទេ ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសម្រាប់អាណត្តិទី២កាលពីខែមករា ឆ្នាំ២០២៥មក។
ព្រមពេលជាមួយគ្នា សម្ព័ន្ធមិត្ត NATO ក៏ប្រហែលជាសុំាទៅនឹងការសម្លុតគំរាមរបស់លោក ត្រាំ រួចទៅហើយ។ ការគំរាមចុងក្រោយរបស់លោក ត្រាំ គឺមកពីលោកខកចិត្តចំពោះការស្ទាក់ស្ទើររបស់អឺរ៉ុប ក្នុងការធ្វើសកម្មភាពដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងគាំទ្រដល់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ ជាសង្រ្គាមដែលមិនមែនកើតឡើងលើទឹកដីអឺរ៉ុប ហើយសមាជិក NATO ខ្លះយល់ថាមិនត្រឹមតែមិនចាំបាច់ទេ គឺថែមទាំងខុសច្បាប់ទៀតផង។ ប្រជាប្រិយភាពរបស់លោក ត្រាំ កំពុងធ្លាក់ចុះនៅក្នុងការស្ទង់មតិ ខណៈតម្លៃឧស្ម័នកំពុងឡើងថ្លៃ។ ដូច្នេះលោក Rynning យល់ថាការសម្លុតគំរាមដកសហរដ្ឋអាមេរិកចេញពី NATO គឺលោក ត្រាំ ទំនងជាមានបំណងបង្វែរការខឹងសម្បាររបស់ប្រជាជនអាមេរិកចំពោះបញ្ហាក្នុងស្រុកបង្កឡើងដោយសង្រ្គាមដែលលោកជា អ្នកដុតបញ្ឆេះ ទៅលើសម្ព័ន្ធមិត្ត NATO វិញ ដែលលោកចោទថាមិនមានភាពស្មោះត្រង់។
ក៏ប៉ុន្តែ ដោយសារតែលោក ត្រាំ ម្ដងនិយាយអ៉ីចេះម្ដងនិយាយអ៉ីចុះ ដូច្នេះវាក៏ធ្វើឱ្យការសម្លុតគំរាមរបស់លោកហាក់មិនមានភាពប្រាកដប្រជាផងដែរ។ ម្លោះហើយដូចដែលលោក ត្រាំ ចូលចិត្តនិយាយនោះគឺ គេមានតែត្រូវរង់ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើង៕











