* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការពារជាតិកម្ពុជា៖ យោធាថៃ ពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថា មានសកម្មភាពញុះញង់ពីភាគីកម្ពុជា

02-04-2026 23:50

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយព័ត៌មានអំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។

ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។ កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។

គួរឱ្យកត់សម្គាល់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។ ភ្លាមៗបន្ទាប់ពីយោធាថៃធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕