នៅចំពោះមុខមន្ត្រីសិទ្ធិមនុស្សកម្ពុជា! មន្ត្រីសិទ្ធិមនុស្ស UN បញ្ជាក់ពីការតាមដានដោយយកចិត្តទុកដាក់ និងចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគាត់
03-04-2026 10:10
(ភ្នំពេញ)៖ លោក Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានបញ្ជាក់ថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគាត់ផងដែរ។
ការបញ្ជាក់បែបនេះរបស់លោកស្រី Matilda Bogner បានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា (គ.ស.ម.ក.) នៅសាលប្រជុំរបស់ គ.ស.ម.ក.។ កិច្ចជំនួបនេះមានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្ស ។
លោកស្រីក៏បានស្នើសុំការគាំទ្រពី គ.ស.ម.ក. ក្នុងការបន្តអនុស្សរណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និង OHCHR ដែលនឹងត្រូវចប់នាចុងឆ្នាំ២០២៦នេះ។
លោក កែវ សុទ្ធិ បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស រួមមាន៖ ការទទួល និងដោះស្រាយពាក្យបណ្តឹង ការចុះស៊ើបអង្កេត ការចុះអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជាតិចំនួន៥ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ អនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការ បាត់ខ្លួនដោយបង្ខំ និងរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ការផ្តល់មេធាវីស្ម័គ្រចិត្តដោយឥតគិតថ្លៃដល់ជនងាយរងគ្រោះ ដូចជា៖ ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំ ដែលគ្មានមេធាវីជាដើម។ ទន្ទឹមនេះ គ.ស.ម.ក. ក៏ជាតំណាងប្រទេសកម្ពុជានៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក កែវ សុទ្ធិ ក៏បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖
*ការបិទព្រំដែនជាឯកតោភាគី ដោយគ្មានផ្តល់ដំណឹងជាមុន
*ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក
*ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន
*ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ
*ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៥ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។
លោកស្រី Matilda Bogner បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងលម្អិត និងច្បាស់លាស់ ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្សនាពេលកន្លងមក។
លោកស្រីក៏បានជូនជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការតែងតាំងលោក Thomas Andrews ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ជំនួស លោក Vitit Muntarbhorm ដែលបានលាឈប់។ ទន្ទឹមនេះ លោកស្រីបានសាទរចំពោះគម្រោងរបស់ គ.ស.ម.ក. ក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្តាលអាណត្តិ និងការលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោក កែវ សុទ្ធិ បានថ្លែងអំណរគុណចំពោះ OHCHR ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយ គ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ព្រមទាំង បានបញ្ជាក់ពីការគាំទ្រចំពោះការបន្តអាណត្តិរបស់ OHCHR ប្រចាំនៅកម្ពុជាបន្តទៅទៀត។
បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាក់ ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕











