ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ យុទ្ធនាការបង្ក្រាបអនឡានស្គេម នឹងបញ្ចប់នៅពេលដែលបោសសម្អាតស្កេមអនឡាញធំៗអស់ពីកម្ពុជា, ក្រោយចាប់ផ្ដើមយុទ្ធនាការបង្ក្រាប Online Scam ឃើញថា ទទួលបានលទ្ធផលជាវិជ្ជមាន ក៏ប៉ុន្តែក៏មានបញ្ហាប្រឈម (Video inside)

03-04-2026 11:41

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថា ក្រោយចាប់ផ្ដើមយុទ្ធនាការបង្ក្រាប Online Scam យើងឃើញថា ទទួលបានលទ្ធផលជាវិជ្ជមាន ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមផ្លូវច្បាប់ គឺជនរងគ្រោះនៅក្រៅប្រទេស ជនល្មើសនៅកម្ពុជា។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួង។

ចំពោះមុខអង្គពិធី លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញពីផលប៉ះពាល់ដោយសារ Online Scam លើវិស័យសំខាន់ ដូចជាវិស័យទេសចរណ៍ វិស័យសន្តិសុខជាតិ ជាអាទិ៍ នាំឱ្យកេរ្តិ៍របស់កម្ពុជាអាប់ឱន។

បើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ក្នុងឆ្នាំ២០២៥ ទឹកប្រាក់ដែលបាត់បង់លើ ឧក្រិដ្ឋកម្មអនឡាញនេះ មានទំហំរហូតដល់ ៤៤២ពាន់លានដុល្លារអាមេរិក នៅលើពិភពលោក។

ដោយឡែកកម្ពុជាវិញ, លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការបោសសម្អាត Online Scam នៅតែបន្តយ៉ាងក្ដៅគគុក ហើយមិនទាន់បញ្ចប់នោះទេ។ យ៉ាងណាមិញ យុទ្ធនាការនេះនឹងបញ្ចប់នៅពេលដែលអស់ Online Scam នៅទីតាំងធំៗ នោះនាំឱ្យសកម្មភាពអសន្តិសុខនឹងលែងមាន។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «អ៊ីចឹងពេលនេះ យើងប្រើកម្លាំងប្រតិបត្តិការសរុប មានន័យថាគ្រប់ផ្នែក គ្រប់កម្រិត ដោយសារយន្តការយើងមាន ៣កម្រិត មានយន្តការថ្នាក់ក្រោមជាតិ យន្តការថ្នាក់ក្រសួង និងយន្តការខ្ពស់បំផុតដែលដឹកនាំដោប្រមុខរាជរដ្ឋាភិបាល ដែលសម្របសម្រួលយន្តការទាំងអស់នេះ ធ្វើការងារប្រកបដោយប្រសិទ្ធភាព បោសសម្អាត Scam នេះ ហើយលទ្ធផលពេលនេះលេចសញ្ញាណជាវិជ្ជមាន»

ទោះជាយ៉ាងណា បញ្ហាប្រឈមនៅតែមាន, លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីយន្តការទាំងអស់នេះ ក៏នៅមានបញ្ហាប្រឈមទាក់ទងនឹងផ្លូវច្បាប់ ដែលមន្ត្រីជំនាញជួបប្រទះនោះគឺ ជនល្មើសនៅកម្ពុជា ប៉ុន្តែជនរងគ្រោះនៅក្រៅប្រទេស ដែលនិយាយឱ្យងាយ គឺឧក្រិដ្ឋកម្មឆ្លងដែន។

លោករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «ជនរងគ្រោះខ្លួនឯងក៏មិនដឹងចាញ់បោកនរណាគេដែរ ជនរងគ្រោះដែលនៅក្រៅប្រទេស គាត់មិនដឹងថាជនល្មើសនៅទីណាទេ អាចនៅកម្ពុជា អាចនៅប្រទេសនេះ អាចនៅប្រទេសនោះ ហើយសូមបញ្ជាក់ថា រឿង Online Scam មិនមែនមាននៅតែកម្ពុជាទេ ឱ្យតែទីណាមានសេវាអ៊ីនធឺណេត គឺអាចធ្វើសកម្មភាពបានហើយ។ បើជនរងគ្រោះនៅក្រៅប្រទេសប្ដឹងមកយើង គឺមិនសូវមាន តែយ៉ាងណាពេលមានពាក្យបណ្ដឹង គឺយើងចាត់វិធានការភ្លាមៗ»

ក្រៅពីបញ្ហាប្រឈមផ្លូវច្បាប់, លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហាប្រឈមចម្បងមួយទៀត គឺបទល្មើសនេះជាបទល្មើសបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាបច្ចុប្បន្នរីកចម្រើនយ៉ាងឆាប់រហ័ស។

ទោះបីបញ្ហាប្រឈមមានច្រើនយ៉ាងណា, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់យ៉ាងគត់ម៉ត់ថា ការបង្ក្រាបបទល្មើស Online Scam មិនថមថយនោះទេ គឺនៅតែបន្តយ៉ាងសកម្ម និងម៉ឹងម៉ាត់បំផុត តាមការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា កាលពីពាក់កណ្តាលឆ្នាំ ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនៅទូទាំងប្រទេស ដើម្បីបោសសម្អាតក្រុមជនឆបោកទាំងនោះ។

ឯកសារដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕