ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ស្នើពលរដ្ឋកុំឱ្យជួលកុងធនាគាររបស់ខ្លួនឱ្យគេប្រើ ដោយងាយនឹងចាញ់បោកក្រុមឧក្រិដ្ឋកម្មអនឡាញ (Video inside)

03-04-2026 12:04

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើប្រជាពលរដ្ឋដល់សូមកុំឱ្យជួលកុងធនាគាររបស់ខ្លួនឱ្យបុគ្គលដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ប្រើឱ្យសោះ ពីព្រោះងាយនឹងចាញ់បោកក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រ័ន្ធបច្ចេកវិទ្យា។

ការស្នើបែបនេះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ រៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទូចស្នើសុំដល់ប្រជាពលរដ្ឋត្រូវធ្វើយ៉ាងម៉េចរក្សាឱ្យបាននូវអត្តសញ្ញាណប័ណ្ណ ហើយកុំចែករំលែកនូវអត្តសញ្ញាណប័ណ្ណ ឬការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅដល់បុគ្គលដែលគេអាចយកព័ត៌មានរបស់ខ្លួនទៅបើកគណនីក្លែងក្លាយផ្សេងៗជាដើម។ ចំណុចនេះ វានឹងបង្កគ្រោះថ្នាក់ដល់យើងជាមិនខាន។ ប៉ុន្តែ ករណីនេះ គឺក្រុមឧក្រិដ្ឋ បានប្រើប្រាស់ឈ្មោះប្រជាលរដ្ឋស្លូតត្រង់ ដើម្បីធ្វើសកម្មភាពឆបបោក។

ចំពោះករណីនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា កន្លែងទៅនេះ គឺបានបញ្ហានៅពេលដែលជនខិលខូចបោកប្រាស់បាន គឺត្រូវផ្ទេរលុយគណនីធនាគារមួយ ប៉ុន្តែ នៅពេលសមត្ថកិច្ចជំនាញស្រាវជ្រាវទៅបានរកឃើញថា សាមីខ្លួនមិនបានដឹងការទទួលថវិកានេះទាល់តែសោះ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអំពាវនាវយ៉ាងដូច្នេះថា៖ «បើបងប្អូនដឹងថា មានគេដើរប្រមូលអត្តសញ្ញាណប័ណ្ណ សូមមេត្តាប្រាបប់មកសមត្ថកិច្ច ដើម្បីចាត់វិធានការជាបន្ទាន់ […] អ៊ឹចឹង ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើសិនមានគេមកសុំយកអត្តសញ្ញាណប័ណ្ណ យកព័ត៌មានផ្ទាល់ខ្លួន ហើយយើងមិនច្បាស់លាស់ពីបុគ្គលនោះ គឺអាចមានគ្រោះថ្នាក់ដែលគេអាចយកព័ត៌មានរបស់យើងទៅបង្កើតបទល្មើសដែលត្រូវប្រុងប្រយ័ត្ន។ ហើយបើគេឱ្យយើងទៅបើកគណនីធនាគារ គេជួលយើងទៅបើក ហើយឱ្យលុយ ហើយបន្ទាប់មកគេយកគណនីទៅប្រើសុំកុំឱ្យសោះ យើងត្រូវរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ»

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា មានករណីមួយចំនួន គឺប្រជាពលរដ្ឋនៅតាមទីជនបទតែងតែជួបប្រទះចំបោះបញ្ហានេះ ពីព្រោះពួកគាត់មិនបានយល់ច្បាស់ទង្វើទុច្ចរិតរបស់ក្រុមជនខិលខូច​ និងត្រូវបានជនទុច្ចរិតនេះលោងលួងបោកប្រាស់ ជាថ្នូរនឹងការផ្តល់ថវិកាមួយចំនួន។ ក៏ប៉ុន្តែ ចំពោះបញ្ហានេះ គឺប្រជាពលរដ្ឋដែលរងគ្រោះមិនទទួលទោសទណ្ឌនោះទេ។

បន្ថែមពពីនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានរម្លឹកថា រូបលោកផ្ទាល់ក៏ធ្លាប់ជួបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ ដោយក្រុមឧក្រិដ្ឋជនប្រើប្រាស់គណនីរបស់ក្រុមជាង ដើម្បីខ្ចីថវិកាថ្លៃសាងសង់ ប៉ុន្តែ សម្រាប់គណនីធនាគារ ​មិនមែនឈ្មោះជាងជាភាសាខ្មែរនោះទេ ប៉ុន្តែ បែរជាចេញឈ្មោះបរទេសទៅវិញ។ ត្រង់ចំណុចនេះ ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានេះ សូមប្រជាពលរដ្ឋត្រូវប្រយ័ត្នឱ្យខ្ពស់បំផុត ពីព្រោះក្រុមឧក្រិដ្ឋជន បានប្រើប្រាស់ដើម្បីឆបោកជនស្លូតត្រង់ទាំងក្នុងប្រទេស និងក្រៅប្រទេសជាដើម៕