ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ៖ រហូតដល់ពេលនេះ កម្ពុជាបង្ក្រាបបាន Online Scams ២៥០ករណី ឃុំខ្លួនមនុស្សជាង៨០០នាក់ និងជិត៧០០នាក់ទៀតមានដីកាចាប់ខ្លួន (Video inside)
03-04-2026 12:20
(ភ្នំពេញ)៖ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថា រហូតដល់ពេលនេះ មាន Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំង ត្រូវបានបង្ក្រាប ក្នុងនោះ កាស៊ីណូ ចំនួន៩២កន្លែង ដែលឃុំខ្លួនមនុស្សជាង៨០០នាក់ និងជិត៧០០នាក់ទៀតមានដីកាចាប់ខ្លួន។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួងយុត្តិធម៌។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន, លោកទេសរដ្ឋមន្ត្រី បានថ្លែងពីសារសំខាន់នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងស្ដារឡើងវិញនូវកេរ្តិ៍ឈ្មោះ កិត្យានុភាពកម្ពុជា។
លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញបានបង្ក្រាបបទល្មើស Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំង ក្នុងនោះរួមមាន កាស៊ីណូ ៩២ទីតាំងផងដែរ។ លោក ក៏បានលើកទឹកចិត្តដល់សាធារណជន បន្តផ្ដល់ព័ត៌មានពីបទល្មើសទាំងនេះ ដើម្បីចូលរួមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅថ្ងៃនេះផ្ទាល់ ក្រុមមន្ត្រីជំនាញ និងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យទីតាំង Online Scams នៅម៉ឺនជ័យ ខេត្តព្រៃវែង ដោយយើងកំពុងរង់ចាំលទ្ធផលសម្រេច។
យ៉ាងណាមិញ ចំពោះទីតាំង Online Scams ដែលកម្លាំងជំនាញបានបង្ក្រាប នឹងធ្វើការបិទខ្ទប់ជៀសវាងការយកទីតាំងដដែលនេះ ទៅធ្វើសកម្មភាពបន្ត។ នេះបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ មានជនល្មើសស្កេមអនឡាញ ៩៣នាក់ បញ្ជូនទៅតុលាការ និងឃុំខ្លួនជាង៨០០នាក់ ខណៈដែលជិត៧០០នាក់ទៀត មានដីកាតាមចាប់ ដែលស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យអន្តោប្រវេស្ត៕











