ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ករណី ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់ នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (Video inside)
03-04-2026 12:38
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ករណីលោក ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។
ការបញ្ជាក់នេះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ រៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។
ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអតីតឧកញ៉ា ចេន ហ្សី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទិដ្ឋភាពច្បាប់ ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងទ្រព្យសម្បត្តិដែលជាផលនៃការសម្អាតប្រាក់ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ជាថវិការបស់ជាតិ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា ចំពោះករណីនេះសមត្ថកិច្ចជំនាញកំពុងតែដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ខណៈសំណុំរឿងនៃបទល្មើសមានច្រើន។ ហើយនេះជាយុទ្ធនាការមួយដែលបានប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីបំពេញកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវ សម្រាប់ប្រទេសជាតិកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា រាជរដ្ឋាភិបាលដៃម្ខាងបង្ក្រាប បោសសម្អាត ដៃម្ខាងទៀតធ្វើច្បាប់ ដើម្បីលើកកម្ពស់ និងធានាថាវាប្រសិទ្ធភាពជាងមុន។ ត្រង់ចំណុចនេះជាការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល មិនដកថយជាដាច់ខាត ចំពោះការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា។
គួរឱ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង ២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។
ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានី ខេត្ត ជាង ១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨សញ្ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕











