ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ អ្នករត់តាក់ស៊ីដែលដឹងថា ឧក្រិដ្ឋជននោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយនៅតែសម្រួលដល់ការដឹកជននោះរត់គេចខ្លួន នឹងជាប់ពាក់ព័ន្ធនឹងបទល្មើស ប៉ុន្តែបើគាត់មិនបានដឹង នឹងមិនមានទោសនោះទេ (Video inside)
03-04-2026 13:14
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ចំពោះអ្នករត់ឡានឈ្នួល ឬតាក់ស៊ីដែលដឹកជនល្មើស ដែលប្រព្រឹត្តិអំពើ Scam Online ឬឧក្រិដ្ឋជនគ្រឿងញៀននឹងមិនមានទោសនោះទេ ក្នុងករណីដែលគាត់មិនបានដឹង ប៉ុន្តែក្នុងករណីដែលអ្នករត់តាក់ស៊ីនោះដឹងថា ឧក្រិដ្ឋជននោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយនៅតែសម្រួលដល់ការដឹកជននោះរត់គេចខ្លួន នោះពួកគេនឹងជាប់ពាក់ព័ន្ធនឹងបទល្មើស។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ជាការពិត ក្រុមដែលប្រព្រឹត្តិបទល្មើស Scam Online នេះ តែងតែផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថយន្តឈ្នួល ឬតាក់ស៊ី និងទាមទារឱ្យមានការត្រួតពិនិត្យ ពីសមត្ថកិច្ច។
។តែយ៉ាងនេះក្តីសម្រាប់អ្នករត់តាក់ស៊ីដែលដឹកជនល្មើសទាំងនោះ ហើយមិនដឹងថាជននោះជាជនល្មើស ពួកគេនឹងមិនទទួលខុសត្រូវមុខច្បាប់នោះទេ លើកលែងគាត់ស៊ុំគ្រលំ ឬជាប់ពាក់ព័ន្ធជានឹងScam Online។
លោកបានបញ្ជាក់ថា ក្នុងករណីខ្លះដែលសមត្ថកិច្ចចាប់អ្នករត់តាក់ស៊ីទាំងនោះ គឺមិនមែនជាប់ចោទពីបទបើកឡានដឹកជនល្មើសទេ គឺជាប់ចោទពីបទ សមគំនិតក្នុងអំពើ Scam Online។
លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្តែបើគាត់មិនពាក់ព័ន្ធទេ ខ្ញុំគិតថាគាត់អត់ត្រូវមានទោសដោយសាររឿងដឹកជញ្ជូនទេ ព្រោះគាត់ដឹកជញ្ជូន គាត់មានដឹងថា ពួកហ្នឹងជាScam Online ឬមិនមែនឯណា ប៉ុន្តែដូចឯកឧត្តម ឆៃ ស៊ីណារិទ្ធ លើកឡើងអ៊ីចឹងជួនកាលអ្នកបើកបរឡានហ្នឹង គាត់មិនមែនជាអ្នកបើកបរឡានទេ ពេលខ្លះក្លែងសមត្ថកិច្ច ឬពេលខ្លះគេចាប់គាត់ដែរ រឿងគាត់មានកាំភ្លើងមានអីហ្នឹង ឬថាជាផ្នែកមួយនៃក្រុមរបស់គាត់ ប៉ុន្តែបើគាត់អត់ដឹងទេ គេហៅតាក់ស៊ីជិះ ដឹកគេទៅ គេថាអ្នកហ្នឹង Scam Online ហើយកុំថាឡើយគេថាអ្នកហ្នឹងជា Scam Online បើដឹកអ្នកណាមួយជាមេគ្រឿងញៀន តែគាត់អត់ដឹងជាមេគ្រឿងញៀនផង គាត់ក៏អត់មានទោសដែរ»។
យ៉ាងមិញលោកបញ្ជាក់ថា ក្នុងករណីនេះ ប្រសិនបុគ្គលនោះជាបុគ្គលល្បី គេគ្រប់គ្នាថា គាត់ជាឧក្រិដ្ឋជនហើយសមត្ថកិច្ចតាមចាប់ខ្លួន បើអ្នករត់ស៊ីនៅតែដឹកជួយសម្រួលដល់ការរត់គេខ្លួន នោះគាត់នឹងអាចមានទោស។
ទោះបីជាយ៉ាងនេះ ក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ សង្កត់ធ្ងន់ថា ការអនុវត្តជាក់ស្តែង អង្គហេតុខ្លះអាចនឹងត្រូវធ្វើការស្រាវជ្រាវបន្ថែម៕











