ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បញ្ជាក់ថា ច្បាប់ថ្មីមិនបានចែងថា «ផ្ទះ ឬអគារ ឬទ្រព្យសម្បត្តិណា ដែលជួលឱ្យស្កេមអនឡាញហើយ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ» នោះទេ លើកលែងតែផ្តើមគំនិត ឬផ្សំគំនិត(Video inside)
03-04-2026 13:22
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានបញ្ជាក់ឱ្យដឹងថា ច្បាប់ថ្មី មិនបានចែងថា «ផ្ទះ ឬអគារ ឬទ្រព្យសម្បត្តិណា ដែលជួលឱ្យស្កេមអនឡាញហើយ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ»នោះទេ ដែលនេះជាច្បាប់ទូទៅរបស់កម្ពុជា ហើយច្បាប់ស្តីពីការបង្ក្រាបស្កេមអនឡាញដែលទើបធ្វើថ្មីនេះក៏ដូចគ្នា បើក្នុងករណីដែលមានការរឹបអូស នោះមានន័យថា អ្នកនោះច្បាស់ជាពាក់ព័ន្ធនឹងការផ្សំគំនិត និងផ្តើមគំនិតតែម្តង។
លឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) រៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។
ដោយក្តីកង្វល់របស់ពលរដ្ឋជុំវិញបញ្ជាម្ចាស់ផ្ទះ ឬអគារ ឬទ្រព្យសម្បត្តិណា ជួលឱ្យគេហើយគេយកទៅធ្វើ Scam នោះជាកម្មវត្ថុនៃការរឹបអូសនោះ, លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ថា ច្បាប់មិនមានចែងក្នុងការរឹបអូសនោះទេ បើសិនជាម្ចាស់ជាតតីយជន ដែលគាត់មិនបានដឹងនិងមិនសហការធ្វើសកម្មភាពជាមួយពួកស្កេម អនឡាញ ដើម្បីធ្វើសកម្មភាពឆបោកអនឡាញនោះទេ នោះមិនមែនកម្មវត្ថុនៃការរឹបអូសនោះទេ។
តែទោះជាយ៉ាងណាលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ដែរថា ច្បាប់មានចែងអំពីករណីអ្នកផ្តើមគំនិត និងអ្នកផ្សំគំនិត បើសិនជាម្ចាស់រថយន្ត បានប្រគល់រថយន្តខ្លួនឱ្យទៅអ្នកដ៏ទៃដើម្បីធ្វើសកម្មភាពជាក់ស្តែង ដូចជាសកម្មភាពដឹកគ្រឿងញៀនជាដើម បើក្នុងករណីពេលចាប់បាន កុំថាឡើយឡានដែលត្រូវរឹបអូស សូម្បីតែម្ចាស់ឡានក៏មិនរួចខ្លួនផងដែរ គាត់នឹងត្រូវជាប់ទោសពីបទផ្សំគំនិតដែលបានជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើស ដែលនេះជាគោលការណ៍នៃច្បាប់ទូទៅ។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ដែរថា «ច្បាប់នៃស្គេមអនឡានរបស់យើង ក៏មិនហួសនឹងគោលការណ៍ទូទៅនេះដែរ បើអ្នកជួលផ្ទះឱ្យអ្នកដ៏ទៃដោយមិនស្ថិតក្នុងស្ថានភាពនៃការផ្សំគំនិតជាមួយអ្នកដែលធ្វើសកម្មភាព Scammer នោះទេ ផ្ទះរបស់គាត់មិនអីនោះទេ, តែបើផ្ទះគាត់ត្រូវរឹបអូស សូមបញ្ជាក់ថាគាត់ក៏មិនរួចខ្លួននោះដែរ ព្រោះថាសមត្ថកិច្ចបានរកឃើញពីការពាក់ព័ន្ធរបស់គាត់ក្នុងសកម្មភាព Scam និងទទួលបានផលប្រយោជន៍ចេញពីបទល្មើស មិនមែនផលប្រយោជន៍ពីការជួលនោះទេ»។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ដែរថា បើអ្នកនឹងមិនមែនជាអ្នកផ្សំគំនិត មិនមែនជាអ្នកផ្តើមគំនិតនិងបញ្ហា Scam online និងពាក់ព័ន្ធនឹងអ្នក Scammer នោះទេ នោះទ្រព្យសម្បត្តិរបស់គាត់មិនមានបញ្ហានោះទេ ហើយច្បាប់នឹងការពារសិទ្ធរបស់គាត់ និងបើកសិទ្ធក្នុងករណីមានការអនុវត្តប៉ះពាល់សិទ្ធរបស់គាត់ ក្នុងការប្តឹងពីតតីយជនបាន៕











