នគរបាលចុះទៅគ្រប់ទីផ្សារធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីណែនាំគ្រប់អាជីវករ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់កាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬ គ្រឿងផ្ទុះផ្សេងៗ

03-04-2026 15:34

(ភ្នំពេញ)៖ អនុវត្តន៍តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះទៅគ្រប់ទីផ្សារធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីណែនាំគ្រប់អាជីវករ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់កាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬ គ្រឿងផ្ទុះផ្សេងៗ

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះទៅគ្រប់ទីផ្សារធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប្រចាំថ្ងៃ ដើម្បីផ្សព្វផ្សាយការងារនេះ។

នគរបាលនឹងត្រួតពិនិត្យជាក់ស្តែង អប់រំណែនាំផ្ទាល់ ដល់គ្រប់អាជីវករពាក់ព័ន្ធទាំងអស់ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់ នូវកាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬ គ្រឿងផ្ទុះផ្សេងៗ គ្រប់ប្រភេទនៅលើទីផ្សារ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់៕