អភិបាលស្រុកស្ទោង លើកទឹកចិត្តសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ព្រោះមានតែចំណេះដឹងទេ ដែលអាចកំណត់ និងកែប្រែជោគវាសនាអនាគត
03-04-2026 15:37
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ លើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យអស់ពីលទ្ធភាព ព្រោះមានតែចំណេះដឹងទេ ដែលអាចកំណត់ និងកែប្រែជោគវាសនាអនាគតរបស់យើងឲ្យត្រចះត្រចង់បាន។ លោក សាយ គឹមឡម បានថ្លែងក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ ១០២នាក់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ក្នុងបរិបទសកលភាវូបនីយកម្ម និងការរីកចម្រើន នៃវិទ្យាសាស្រ្តឥតឈប់ឈរតាមបែបឌីជីថល និង AI យុវជនសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីលទ្ធភាព ទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្រ្តសង្គម ដែលនឹងជួយអភិវឌ្ឍន៍ខ្លួនឯង ជាពិសេសធ្វើឲ្យប្រទេសជាតិយើងខ្លាំងក្លា អាចទប់ទល់ និងការពារពីការវាយប្រហារបស់សត្រូវឈ្លានពាន លើដែនអធិបតេយ្យភាពបូរណភាពទឹកដី នៃយើងថែមទៀត។
លោកបានបង្ហាញនូវទិដ្ឋភាព និងបច្ចុប្បន្នភាព នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលមានប្រទេសអុីស្រាអែល និងសហរដ្ឋអាមេរិក វាយប្រហាទៅលើប្រទេសអុីរ៉ង់ ក៏ដូចជាផលប៉ះពាល់ នៃសេដ្ឋកិច្ចសកល ភូមិសាស្រ្ត និងឥរិយាបថនយោបាយថែមទៀត។ លោកបន្តថា មានតែយើងខ្លាំងដែលកើតឡើងចេញពីការសិក្សារៀនសូត្រប្រកបដល់មូលធនមនុស្ស មានសេដ្ឋកិច្ចរឹងមាំ មានសព្វាវុធខ្លាំងក្លា និងប្រព័ន្ធអប់រំរឹងមាំថែមទាំងប្រព័ន្ធការពារជាតិខ្លាំងទេ ហើយមានភាពធន់ និងសត្រូវមិនហ៊ានឈ្លានពាន។
លោក សាយ គឹមឡម បានលើកទឹកចិត្តថែមទៀតដល់យុវសិស្ស ដែលបានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសនេះ ត្រូវប្រើប្រាស់ឯកសណ្ឋាន និងធ្វើខ្លួនប្រកបដោយវិជ្ជាជីវៈ មានក្រមសីលធម៌ មានបេះដូងមនុស្សធម៌នៅក្នុងខ្លួន ជាពិសេសធ្វើកិច្ចការមនុស្សធម៌ឲ្យបានច្រើនជាយុវជនគំរូនៅក្នុងសង្គម និងសិស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់អនាគតប្រទេសជាតិ ហើយត្រូវជ្រើសរើសការសិក្សារៀនសូត្រនៅមហាវិទ្យាល័យ ប្រកបដោយឧបនិស្ស័យ ចំណង់ចំណូលចិត្ត មានទស្សនៈវិស័យវែងឆ្ងាយ ជាពិសេសត្រូវវិលត្រឡប់មកជួយអភិវឌ្ឍន៍មូលដ្ឋាន និងសាលារៀនដែលធ្លាប់ផ្ដល់កំណើតឲ្យខ្លួនថែមទៀត។
សូមបញ្ជាក់ថា ឯកសណ្ឋានដែលបានបំពាក់ជូនសិស្សានុសិស្ស នៅក្នុងឱកាសនេះ ជាអំណោយរបស់លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ៕























