ទេសរដ្ឋមន្ត្រី ឆៃ ស៉ីណារិទ្ធ ពន្យល់ពីបទល្មើសលេងល្បែងស៉ីសងតាមអនឡាញ និងឆបោកតាមអនឡាញ ដែលសុទ្ធតែអំពើខុសច្បាប់ (Video inside)
03-04-2026 16:05
(ភ្នំពេញ)៖ ការលេងល្បែងស៉ីសងតាមអនឡាញ (Online Gaming) និងការឆបោកតាមអនឡាញ (Online Scam) សុទ្ធតែអំពើខុសច្បាប់ ពោលគឺច្បាប់កម្ពុជា មិនឲ្យមានសកម្មភាពទាំងនេះទេ។
នេះបើតាមបញ្ជាក់ពីលោកទេសរដ្ឋមន្ត្រី ឆៃ ស៉ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ថ្លែងនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។
លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា ការឆបោកតាមអនឡាញ ឬប្រព័ន្ធបច្ចេកវិទ្យា នឹងមានចែងក្នុងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការលេងល្បែងស៉ីសងតាមអនឡាញ មានចែងរួចហើយ ក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ កន្លែងខ្លះ ពេលសមត្ថកិច្ចបង្ក្រាប គាត់ថា អត់បានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទេ តែគាត់លេងល្បែងស៉ីសងតាមអនឡាញ ហើយបើតាមលោកទេសរដ្ឋមន្ត្រី លេងល្បែងស៉ីសងតាមអនឡាញ មិនមានច្បាប់កម្ពុជាអនុញ្ញាតឲ្យលេងទេ។
ទេសរដ្ឋមន្ត្រី ឆៃ ស៉ីណារិទ្ធ បានបញ្ជាក់ថា «កន្លែងខ្លះគាត់ប្រព្រឹត្តនៅទីតាំងការស៉ីណូ កន្លែងខ្លះគាត់ប្រព្រឹត្តនៅក្រៅ។ កន្លងទៅសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបតាមរកឃើញដែរ គាត់ប្រព្រឹត្តនូវល្បែងស៉ីសងភ្នាល់តាមអនឡាញនេះដែរ តែទោសយើងនៅតែអនុវត្ត តែយើងយកតាមអ្វីដែលហៅថា ច្បាប់ដែលមានជាធរមាន ក្នុងនេះមានច្បាប់ស្តីពីល្បែងស៉ីសង»។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ល្បែងភ្នាល់តាមអនឡាញ (Online Gaming) ដែលមិនមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) គឺជាអំពើខុសច្បាប់ និងជាបទល្មើសព្រហ្មទណ្ឌ។ ប្រតិបត្តិករបង្កប់ល្បែងអនឡាញនឹងត្រូវពិន័យជាប្រាក់ ព្យួរ ឬដកហូតអាជ្ញាបណ្ណ និងទទួលទោសតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ បច្ចុប្បន្ន គ.ល.ក មិនបានផ្តល់អាជ្ញាបណ្ណសម្រាប់ល្បែងភ្នាល់តាមអនឡាញឡើយ ដូច្នេះរាល់សកម្មភាពភ្នាល់អនឡាញទាំងអស់គឺខុសច្បាប់។ ការប្រើប្រាស់កាស៊ីណូស្របច្បាប់ជាខែល ដើម្បីដំណើរការល្បែងអនឡាញខុសច្បាប់ គឺជាបទល្មើសធ្ងន់ធ្ងរ។
បទល្មើសល្បែងស៊ីសងតាមអនឡាញនៅកម្ពុជា មានទម្រង់ចម្រុះ ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីភ្នាល់ ឆបោក និងលាងលុយកខ្វក់។ ទម្រង់សំខាន់ៗរួមមាន កាស៊ីណូអនឡាញ (កាស៊ីណូបន្តផ្ទាល់), ការភ្នាល់កីឡា, ឆ្នោតអនឡាញ, និងល្បែងបាញ់ត្រី ដែលផ្សព្វផ្សាយតាម Telegram, Facebook និងវេបសាយខុសច្បាប់។ ទម្រង់ទាំងនេះជារឿយៗផ្សារភ្ជាប់នឹងបទល្មើសឆបោកប្រាក់។
ទម្រង់នៃបទល្មើសល្បែងតាមអនឡាញសំខាន់ៗ រួមមាន៖
*កាស៊ីណូអនឡាញ និងហ្គេមភ្នាល់ (Online Casino/Gambling)៖ ការលេងបៀរ (Baccarat), រ៉ូឡែត, និងម៉ាស៊ីនស្លុត (Slot machines) តាមរយៈគេហទំព័រ ឬកម្មវិធីទូរសព្ទ។
*ការភ្នាល់កីឡា (Sports Betting)៖ ការភ្នាល់លទ្ធផលបាល់ទាត់ ឬកីឡាផ្សេងៗតាមប្រព័ន្ធអ៉ីនធឺណិត។
*ឆ្នោតអនឡាញ (Online Lottery)៖ ការទិញឆ្នោត ឬភ្នាល់ឆ្នោតកោសឆ្នោតតាមអនឡាញ។
*ការផ្សព្វផ្សាយ និងតំណភ្ជាប់ល្បែង៖ ក្រុមឧក្រិដ្ឋជនប្រើប្រាស់បណ្តាញសង្គម Telegram និង Facebook ដើម្បីផ្សព្វផ្សាយ និងផ្ញើតំណភ្ជាប់ (Link) សម្រាប់ចុះឈ្មោះលេងល្បែង។
*ល្បែងតាមម៉ាស៊ីនអេឡិចត្រូនិច៖ ការលេងល្បែងតាមកុំព្យូទ័រ ឬទូរសព្ទដែលមានលក្ខណៈជាល្បែង (ដូចជា ល្បែងបាញ់ត្រី)។
ចំពោះទម្រង់សំខាន់ៗនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖
*ការឆបោកតាមរយៈសារ (SMS/Email Phishing)៖ ជនខិលខូចផ្ញើសារក្លែងបន្លំជាស្ថាប័នធនាគារ ឬក្រុមហ៊ុនល្បីៗ ដោយផ្តល់តំណភ្ជាប់ (Link) ក្លែងក្លាយដើម្បីលួចយកពាក្យសម្ងាត់ ឬព័ត៌មានកាតធនាគារ។
*ការបោកប្រាស់ស្នេហា (Romance Scam)៖ ប្រើប្រាស់រូបថតក្លែងក្លាយនៅលើបណ្តាញសង្គម ដើម្បីបង្កើតទំនាក់ទំនងស្នេហាបោកប្រាស់យកលុយ។
*ការផ្តល់ជារង្វាន់ក្លែងក្លាយ៖ ជូនដំណឹងថាលោកអ្នកឈ្នះរង្វាន់ធំ ហើយទាមទារឲ្យបង់ថ្លៃសេវា ឬពន្ធជាមុន។
*ការវិនិយោគទុនក្លែងក្លាយ៖ បញ្ឆោតឲ្យដាក់ទុនវិនិយោគលើរូបិយបណ្ណឌីជីថល (Crypto) ឬគម្រោងផ្សេងៗដោយសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។
*ការក្លែងបន្លំជាអាជ្ញាធរ៖ ផ្ញើសារ ឬខលទូរសព្ទមកដោយបន្លំខ្លួនជាសមត្ថកិច្ច ឬស្ថាប័នរដ្ឋ ដើម្បីបំភិតបំភ័យទារប្រាក់៕







