ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» មានរយៈពេល៤ថ្ងៃ ជាមួយការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុកជាច្រើន សូមបងប្អូនចូលរួមលេងកម្សាន្តឲ្យបានច្រើន

03-04-2026 16:16

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តព្រៃវែង» ឆ្នាំ២០២៦។

កិច្ចប្រជុំនោះដែរក៏មានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានអនុគណៈកម្មការទាំងអស់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធ នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានផ្តល់អនុសាសន៍ណែនាំគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសការរៀបចំទីតាំងកម្សាន្ត ការរៀបចំស្តង់ពិព័រណ៍ និងការធានាឱ្យបាននូវសុវត្ថិភាពពេញលេញជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងមកកម្សាន្តក្នុងខេត្តព្រៃវែង។

លោកបានបញ្ជាក់ថា «សង្រ្កាន្តព្រៃវែង» ឆ្នាំនេះ នឹងត្រូវរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្រោមដំបូលនៃសុខសន្តិភាព។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង២០២៦» មានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីរួមខេត្តព្រៃវែង ជាមួយការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ការប្រដាល់គុនខ្មែរ ការបង្ហោះគោម និងកម្មវិធីតាមបែបប្រពៃណីផ្សេងៗទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកអភិបាលខេត្ត និងលោកស្រីបានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងតុបតែងលម្អ នៅបរិវេណ សួនតេជោសន្តិភាព សួនច្បារសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម សួនច្បារសម្ដេច ក្រឡាហោម ស ខេង វិថីសន្តិភាព និងទស្សនាការគូរគំនូរ សិល្បៈដើម្បីសន្តិភាព៣ នៅរោងតម្កល់ទូក ង "កម្ពោជិកបុត្តាខេមរាតរី" ដើម្បីត្រៀមប្រារព្ធព្រឹត្តិការណ៍ សង្រ្កាន្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕