ព្រះសង្សវត្តអង្គតាភេម ស្រុកគងពិសី ធ្វើផ្លូវមួយខ្សែចម្ងាយ៦៥៥ម៉ែត្រ ចំណាយថវិកាជាង២០០លានរៀល សម្រាប់សាធារណៈជនប្រើប្រាស់
03-04-2026 16:19
(កំពង់ស្ពឺ)៖ ផ្លូវមួយខ្សែដែលផ្តួចផ្តើមដោយព្រះគ្រូចៅអធិការវត្តអង្គតាភេម រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទ បានជួសជុលចាក់បេតុងឡើងវិញទាំងស្រុង ដែលផ្លូវនេះ ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ឆ្លងកាត់ទៅមកច្រើន ដូចជាសិស្សានុសិស្ស ពុទ្ធបរិស័ទទូទៅ អញ្ជើញមកបំពេញបុណ្យម្តង ព្រមទាំងប្រជាពលរដ្ឋឆ្លងកាត់ទៅធ្វើការ និងធ្វើស្រែ ចំការជាដើម។
ភិក្ខុវេសកោ មាស ចន្ថា ព្រះគ្រូចៅអធិការវត្តអង្គតាភេម មានសង្ឃដីការថា ការកសាងផ្លូវមួយខ្សែនេះ ធ្វើឡើងស្ថិតនៅក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការរួមចំណែកជាមួយលោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត បានផ្តួចផ្តើមកសាងផ្លូវបេតុងមួយខ្សែប្រវែង៦៥៥ម៉ែត្រទទឹង៦ម៉ែត្រ កម្រាស់បេតុង ១តឹកកន្លះ ក្រាលដែក ដោយចំណាយបច្ច័យអស់ប្រមាណចំនួនជាង ២០០,០០០,០០០រៀល។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា ការសាងសង់នេះ ជាការរួមចំណែកដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់សាធារណជនទូទៅ។ ផ្លូវបេតុងនេះតភ្ជាប់ពីផ្លូវជាតិលេខ143 និងបានជួយដល់ការធ្វើដំណើររបស់ប្រជាជនច្រើន ភូមិត្រូវឆ្លងកាត់។ ដែលផ្លូវមួយខ្សែនេះ ចាប់ផ្តើមកសាងតាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ គ្រោងរួចរាល់នៅថ្ងៃ៧ ខែមេសាខាងមុខឆាប់ៗនេះ។
ព្រះអង្គ បានបញ្ជាក់ថា ផ្លូវបេតុងនេះ មិនមានបច្ច័យ សប្បុរសជន រឺក៏មូលនិធិណាមួយផ្តាច់មុខនោះទេ គឺកសាងដោយកម្លាំងសទ្ធា ជ្រះថ្លា សាមគ្គីរបស់ពុទ្ធបរិស័ទក្នុងប្រទេស និងក្រៅប្រទេស អ្នកខ្លះជួយមួយការ៉េខ្លះ២ការ៉េជាដើម ដូចនេះក្នុងនាមអាត្មាជាអ្នកគ្រប់គ្រងក្នុងការសាងសង់នេះ សូមអំពាវនាវ មហាសប្បុរស មហាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស មេត្តាចូលរួមចាប់មគ្គផលក្នុងការកសាងផ្លូវបេតុងមួយខ្សែនេះផង (ពីព្រោះថាបុគ្គលអ្នកកសាងផ្លូវរមែងបាន បុណ្យទាំងយប់ទាំងថ្ងៃ)៕

























