លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
03-04-2026 16:56
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលាខេត្តកំពង់ស្ពឺ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាលខេត្ត មន្រ្ដីរាជការសាលាខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំង ប្រមាណជាង២៨០នាក់។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងសម្ដែងមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងម៉ត់ចត់ដល់សុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារវីរកងទ័ព នៅគ្រប់កាលៈទេស។
នាឱកាសនៃពិធីសំណេះសំណាលនោះ លោក ហ៊ុន ម៉ានី បានសាកសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននៅទីនោះ និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងវីរភាពដ៏មោះមុតរបស់កងកម្លាំងទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការធានា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។
សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង នាឱកាសនោះ មួយអង្គភាពទទួលបាន អង្ករ៥តោន, មី១០០កេស, ទឹកសុទ្ធ១០០កេស, ភេសជ្ជៈ១០០កេស និងថវិកា១០លានរៀល ដែលជាអំណោយលោក ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារៈ ថវិកាបន្ថែមមួយចំនួនពីលោក សេង ញ៉ក់ តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈផងដែរ៕























































