Fresh Exclusive: តើសង្គ្រាមអ៊ីរ៉ង់វិវត្តន៍ទៅទិសណា ក្រោយការព្រមាន «Back to Stone Age» របស់ Trump?

03-04-2026 19:40

(ភ្នំពេញ)៖ សង្គ្រាមអ៊ីរ៉ង់ កំពុងឡើងកម្រិត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់អាចនឹងត្រូវបានវាយឱ្យ «Back to the Stone Age» ក្នុងរយៈពេលពីរ ទៅបីសប្តាហ៍។ ពាក្យព្រមាននេះ មានន័យថា អាមេរិកត្រូវវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសមត្ថភាពរដ្ឋទាំងមូលរបស់អ៊ីរ៉ង់។
Fresh Exclusive មានសេចក្តីរាយការណ៍វិភាគស៊ីជម្រៅមួយ ស្តីពីសំណួរធំមួយ៖ តើអាមេរិកអាចធ្វើឱ្យអ៊ីរ៉ង់ «ត្រឡប់ទៅសម័យថ្ម ឬសម័យបុព្វកាល» បានពិតប្រាកដ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដែរឬទេ?

នៅក្នុងសង្គ្រាមទំនើប ពេលមេដឹកនាំមហាអំណាចមួយនិយាយថា គូប្រជែងអាចនឹងត្រូវបានវាយឱ្យ «ត្រឡប់ទៅសម័យថ្ម ឬ សម័យបុព្វកាល» នោះ វាមិនមែនជាសម្តីនយោបាយធម្មតាទេ។ វាជាសញ្ញាថា សង្គ្រាមកំពុងឆ្ពោះទៅកាន់ដំណាក់កាលថ្មី ដំណាក់កាល ដែលគោលដៅមិនមែនតែបំផ្លាញកងទ័ព ប៉ុន្តែចង់បំផ្លាញសមត្ថភាពរដ្ឋមួយទាំងមូលតែម្តង។ តើអាចសម្រេចបានដែរឬទេ?

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ សង្គ្រាមអ៊ីរ៉ង់មិនបានស្ងប់ស្ងាត់ឡើយ។ ការវាយប្រហារតាមអាកាស បន្តដាក់ទៅលើមូលដ្ឋានយោធា ការបាញ់មីស៊ីល និង drone បន្តទៅលើមូលដ្ឋានអាមេរិកនិងសម្ព័ន្ធមិត្ត ការវាយប្រហារដាក់លើ radar ការរំខានដល់នាវាចរ នៅ ច្រក Hormuz និងការចូលរួមរបស់កម្លាំង proxy ដូចជាក្រុម Houthis បង្ហាញថា សង្គ្រាមនេះកំពុងពង្រីក មិនមែនកំពុងបញ្ចប់ឡើយ។

* បីសមរភូមិថ្មី ដែលកំពុងកំណត់ទិសសង្គ្រាមអ៊ីរ៉ង់
ព័ត៌មានស៊ើបការណ៍អាមេរិក ដែលបានរាយការណ៍ដោយ CNN ក៏បង្ហាញដែរថា ទោះបីមានការវាយប្រហារខ្លាំងរយៈពេលជាងមួយខែក៏ដោយ អ៊ីរ៉ង់នៅតែរក្សាបានប្រមាណពាក់កណ្តាលនៃកាំភ្លើងបាញ់គ្រាប់មីស៊ីល និងសមត្ថភាពដ្រូនវាយប្រហារ ហើយក៏មានមីស៊ីលការពារឆ្នេរមួយចំនួន នៅតែបន្តប្រយុទ្ធ ដែលអាចគំរាមដំណើរនាវាដឹកជញ្ជួន ក្នុងច្រក Hormuz បានជាដដែល។ នេះបង្ហាញថា អ៊ីរ៉ង់មិនទាន់បាត់សមត្ថភាពធ្វើសង្គ្រាមទេ ហើយសង្គ្រាមអាចកាន់តែពង្រីកធំជាងការរំពឹងទុកថែមទៀត។

សំណួរដែលត្រូវសួរពេលនេះ មិនមែនថា តើការវាយរបស់សហរដ្ឋអាមេរិកខ្លាំងប៉ុណ្ណា ឬ អ៊ីរ៉ង់បាញ់មីស៊ីលតបមកវិញចំនួនប៉ុន្មានទេ។ សំណួរពិតប្រាកដគឺ៖ តើសង្គ្រាមនេះកំពុងផ្លាស់ទៅដំណាក់កាលអ្វី? ហើយតើសង្គ្រាមនេះ នឹងត្រូវកំណត់ជ័យជម្នះចុងក្រោយ ដោយប្រើកម្លាំងយោធា ប្រេង ច្រក Hormuz ឬសម្ពាធសេដ្ឋកិច្ច?

បើមើលពីព្រឹត្តិការណ៍ថ្មីៗ សង្គ្រាមអ៊ីរ៉ង់ ហាក់ដូចជាកំពុងវិវត្តន៍ទៅទិសធំៗយ៉ាងហោចចំនួន៣៖
១. សង្គ្រាមនៃលេណដ្ឋាននៅក្រោមដី
២. សង្គ្រាមសមុទ្រ និង នៅច្រក Hormuz
៣. សង្គ្រាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ

* ពីសង្គ្រាមបំផ្លាញកម្លាំង ទៅសង្គ្រាមបំផ្លាញសមត្ថភាពរដ្ឋ
ចំណុចដំបូងដែលត្រូវចាប់អារម្មណ៍គឺ សម្តី “Stone Age” ដែលមិនមែនគ្រាន់តែសំដៅលើការវាយយោធាធម្មតាទេ។ ទីភ្នាក់ងារ Reuters រាយការណ៍ថា លោក Trump បានគំរាមវាយស្ពាន និងស្ថានីយអគ្គិសនីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើស្ពានធំមួយជិតតំបន់ «តេរ៉ាន់ ការ៉ាច» Tehran-Karaj។ នេះមានន័យថា គោលដៅសង្គ្រាម កំពុងរីករាលដាលចេញពីទីតាំងមីស៊ីល និងមូលដ្ឋានយោធាទៅកាន់ ហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឱ្យប្រទេសមួយដំណើរការ។
បើការវាយប្រហារបន្តតាមទិសនេះ សង្គ្រាមនឹងលែងស្ថិតត្រឹមការបំបាក់សមត្ថភាពយោធាហើយ។ វាកំពុងឈានចូលទៅជាបែបសង្គ្រាមបង្ខំមួយដើម្បី ឱ្យអ៊ីរ៉ង់ទន់ខ្សោយផ្នែកសេដ្ឋកិច្ច សង្គម និងរដ្ឋបាល។

* បញ្ហាស្នូល៖ អ៊ីរ៉ង់មិនទាន់បាត់សមត្ថភាពប្រយុទ្ធទេ
បញ្ហាធំបំផុតមួយ ដែលធ្វើឱ្យសង្គ្រាមមិនអាចបញ្ចប់បានលឿន គឺការវាយតម្លៃនៅលើសមត្ថភាពអ៊ីរ៉ង់មិនដូចគ្នា។ ទូរទស្សន៍ CNN បានវាយតម្លៃរបាយការណ៍ស៊ើបការណ៍អាមេរិក ដែលនិយាយថា ប្រមាណពាក់កណ្តាលនៃអាវុធបាញ់មីស៊ីលរបស់អ៊ីរ៉ង់នៅតែសល់ ហើយ drone អត្តឃាតរបស់អ៊ីរ៉ង់ រាប់ពាន់គ្រឿងក៏នៅមានក្នុងឃ្លាំងដែរ។ សេចក្តីវាយតម្លៃដដែលក៏បង្ហាញថាប្រព័ន្ធមីស៊ីលការពារឆ្នេរមួយចំនួននៅសល់ ហើយអាចប្រើប្រាស់បន្តគំរាមនាវាដឹកជញ្ជូន ក្នុង ច្រកHormuz បានជាដដែល។

ទីភ្នាក់ងារ Reuters ក៏បានរាយការណ៍ជាច្រើនថ្ងៃមុននេះដែរថា សហរដ្ឋអាមេរិកបានបញ្ជាក់ថាប្រមាណមួយភាគបីនៃឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ ប៉ុន្តែការវាស់ទំហំឃ្លាំងពិតប្រាកដរបស់អ៊ីរ៉ង់ កាន់តែពិបាក ពីព្រោះអាវុធជាច្រើនត្រូវបានលាក់ក្រោមដី ឬក្នុងបណ្តាញរូងភ្នំ។ នេះមានន័យថា ការថយចុះនៃអត្រាបាញ់មីស៊ីល មិនស្មើនឹងការបាត់សមត្ថភាពទាំងស្រុងដូចតាមការវាយតម្លៃរបស់សហរដ្ឋអាមេរិកនោះទេ។ ស្ថានការណ៍នេះ ស្រដៀងនឹងសង្គ្រាមនៅប្រទេសយេម៉ែន ដែលអាមេរិក និងសម្ព័ន្ធមិត្ត ពិបាកបញ្ឈប់ក្រុម Houthis មិនឱ្យបាញ់មីស៊ីល និងដ្រូនទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រ ទោះបីមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ក៏ដោយ។

នេះមានន័យថា សង្គ្រាមមិនអាចបញ្ចប់ដោយការវាយប្រហារតាមផ្លូវអាកាសតែមួយបានឡើយ។ ចំណែកអ៊ីរ៉ង់វិញ មិនចាំបាច់ឈ្នះសង្គ្រាមឱ្យបានលឿនទេ; គ្រាន់តែអាចបន្តវាយតប និងបន្តបង្កហានិភ័យបានយូរ ក៏អាចបម្លែងសង្គ្រាមនេះឱ្យក្លាយជាសង្គ្រាមតស៊ូរយៈពេលវែង ដែលធ្វើឱ្យសត្រូវនឿយហត់នឹងការចំណាយថ្លៃខ្ពស់ និងសម្ពាធសេដ្ឋកិច្ចក្នុងការធ្វើសង្គ្រាមបានដែរ។

សម្តីរបស់លោក ដូណាល់ ត្រាំ ដែលនិយាយក្នុងភាសាថា «ជ័យជម្នះជិតមកដល់» ប៉ុន្តែភស្តុតាងពីសារព័ត៌មាន និងការវាយតម្លៃស៊ើបការណ៍កំពុងបង្ហាញថា ក្រុងតេហេរ៉ង់ នៅតែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យតំបន់ទាំងមូលចលាចលបន្តបាន។ នេះហើយជាមូលហេតុដែលសង្គ្រាមហាក់ដូចជាមិនស្ថិតលើផែនការណ៍ត្រូវបញ្ចប់ក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយងាយស្រួលឡើយ។

* សង្គ្រាមកំពុងផ្លាស់ពីលើដី ទៅក្រោមដី
បើមើលជាផ្នែកយុទ្ធសាស្ត្រ សង្គ្រាមអ៊ីរ៉ង់ឥឡូវនេះកំពុងផ្លាស់ទី។ ដំណាក់កាលដំបូងគឺការវាយតាមអាកាសដើម្បីបំផ្លាញទីតាំងបើកចំហ។ ប៉ុន្តែដំណាក់កាលបន្ទាប់ គឺការប្រយុទ្ធជាមួយគោលដៅដែល លាក់ខ្លួន គឺកន្លែងដែលចល័តបាន និងស្ថិតក្រោមដី។ CNN បានរាយការណ៍ថាអាវុធសម្រាប់បាញ់មីស៊ីលរបស់អ៊ីរ៉ង់ជាច្រើន អាចត្រូវបានចល័តចេញនិងចូលពីរូងភ្នំ និង ក្នុងបណ្តាញលាក់ក្រោមដី បានយ៉ាងស្រួល ដែលធ្វើឱ្យការចង់បំផ្លាញឧបករណ៍សឹកទាំង នេះគឺជារឿងពិបាកខ្លាំង។ Reuters នៅបានសរសេរទៅក្នុងទិសដូចគ្នាថា ភាពមិនច្បាស់លាស់លើអាវុធក្រោមដី គឺជាបញ្ហាស្នូលមួយសម្រាប់ការវាយតម្លៃជោគជ័យរបស់សហរដ្ឋអាមេរិក។

ដូច្នេះពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិកដែលប្រើពាក្យ «Back to Stone Age» ដាក់លើអ៊ីរ៉ង់ មិនអាច នឹងធ្វើឱ្យសម្រេចបានតាមការកំណត់ទុកឡើយ ពីព្រោះអាវុធជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៃមុខព្រួញត្រូវកម្ទេចនោះ ពិបាកនឹងស្វែងរកយ៉ាងក្រែលែង។ នៅទន្ទឹមនឹងនេះ ប្រព័ន្ធរ៉ាដា និងមូលដ្ឋានស៊ើបការណ៍មួយចំនួន ដែលទ្រទ្រង់ដល់ព័ត៌មាន ស៊ើបការណ៍របស់សហរដ្ឋអាមេរិក ក៏ត្រូវបានវាយប្រហារដោយអាវុធរបស់អ៊ីរ៉ង់ផងដែរ ដែលធ្វើឱ្យការស្វែងរកទីតាំងអាវុធ និងការគ្រប់គ្រងសមរភូមិ កាន់តែពិបាកថែមទៀតសម្រាប់ សហរដ្ឋអាមេរិក។ អ្វីទាំងនេះ គឺជាការវិវត្តន៍សំខាន់បំផុតរបស់សង្គ្រាម។

* សង្គ្រាមសមុទ្ទ និងច្រកហ័រមូស
ចំណុចសំខាន់បំផុតមួយក្នុងសង្គ្រាមអ៊ីរ៉ង់នៅពេលនេះ មិនមែនស្ថិតនៅលើដី ឬលើអាកាសតែប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើសមុទ្រ ជាពិសេសនៅច្រក Hormuz។ មីស៊ីលការពារឆ្នេររបស់កងទ័ពជើងទឹក និងកងនាវារបស់កម្លាំងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ នៅតែបន្តប្រតិបត្តិការ បើទោះបីសហរដ្ឋអាមេរិក បានវាយបំផ្លាញមូលដ្ឋានជាច្រើនក៏ដោយ។ កម្លាំងទាំងនេះ គឺជាអាវុធយុទ្ធសាស្ត្រសំខាន់បំផុតរបស់អ៊ីរ៉ង់ សម្រាប់គំរាមនាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រក Hormuz។

ច្រក Hormuz គឺជាច្រកសមុទ្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក ព្រោះប្រេងជាច្រើនលានបារ៉ែលក្នុងមួយថ្ងៃៗ ត្រូវឆ្លងកាត់ច្រកនេះ មុនទៅទីផ្សារអាស៊ី អឺរ៉ុប និងពិភពលោក។ បើច្រកនេះមានគ្រោះថ្នាក់ ឬត្រូវរំខាន តម្លៃប្រេងអាចឡើងខ្លាំងភ្លាមៗ ហើយប្រទេសនៅអាស៊ី ដែលពឹងផ្អែកលើការនាំចូលប្រេង នឹងរងផលប៉ះពាល់មុនគេ។

ព័ត៌មានក៏បង្ហាញដែរថា មាននាវាជាច្រើនពាន់កំពុងជាប់នៅឈូងសមុទ្ទពែ័ក Persian Gulf ខណៈនាវារបស់ប្រទេសខ្លះៗ ដូចជា រុស្ស៊ី ចិន ឥណ្ឌា និង ប៉ាគីស្ថាន អាចឆ្លងកាត់ច្រក Hormuz បាន ដោយគ្មានឧបសគ្គ ខណៈនាវារបស់ប្រទេសសម្ព័ន្ធមិត្តអាមេរិកជាច្រើន ត្រូវប្រឈមហានិភ័យខ្ពស់។ ស្ថានការណ៍នេះ បង្ហាញថា អ៊ីរ៉ង់កំពុងប្រើច្រក Hormuz ជាអាវុធយុទ្ធសាស្ត្រ ដោយ បើកសម្រាប់មិត្ត និងបិទសម្រាប់សត្រូវ មិនមែនបិទទាំងស្រុងនោះទេ។

សេចក្តីសន្និដ្ឋាន៖ តើពាក្យព្រមាន «Back to the Stone Age» អាចក្លាយជាការពិតក្នុងរយៈពេល ២-៣សប្តាហ៍ខាងមុខទេ?
បើយើងសង្ខេបពីស្ថានការណ៍សង្គ្រាមអ៊ីរ៉ង់នៅពេលនេះ សំណួរធំមួយកំពុងត្រូវបានសួរដោយអ្នកវិភាគជាច្រើនគឺ៖ តើសហរដ្ឋអាមេរិកអាចវាយអ៊ីរ៉ង់ឱ្យ «ត្រឡប់ទៅសម័យថ្ម ឬសម័យបុព្វកាលវិញ» បានដែរឬទេ ហើយអាចធ្វើបានក្នុងរយៈពេលត្រឹមតែ ២ ឬ ៣សប្តាហ៍ដូចការរំពឹងនោះឬទេ?

បើមើលតាមសមត្ថភាពយោធា សហរដ្ឋអាមេរិកពិតជាមានសមត្ថភាពវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា រោងចក្រថាមពល បណ្តាញអគ្គិសនី មូលដ្ឋានយោធា រោងចក្រផលិតប្រេង និងប្រព័ន្ធទំនាក់ទំនង។ តាមទ្រឹស្តីនេះ វាអាចធ្វើឱ្យប្រទេសមួយមានបញ្ហាធ្ងន់ធ្ងរ និងដំណើរការលំបាក។ ប៉ុន្តែការធ្វើឱ្យប្រទេសមួយ “ត្រឡប់ទៅសម័យថ្ម ឬសម័យបុព្វកាលនោះ” មិនទំនង ជារឿងដែលអាចធ្វើបានក្នុងរយៈពេលខ្លីប៉ុន្មានសប្តាហ៍នោះទេ ជាពិសេសចំពោះប្រទេសធំមួយដូចអ៊ីរ៉ង់ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្រោមដី អាវុធលាក់ក្នុងរូង និងសមត្ថភាពវាយតបដូចអ៊ីរ៉ង់។ លើសពីនេះ សង្គ្រាមក៏កំពុងពង្រីកទៅសមុទ្រ ច្រក Hormuz ទីផ្សារប្រេង និងសេដ្ឋកិច្ចពិភពលោកថែមទៀត។

ដូច្នេះពាក្យព្រមាន «Back to the Stone Age» វាអាចជាយុទ្ធសាស្ត្រសម្ពាធ និងសង្គ្រាមផ្លូវចិត្ត ពីព្រោះគេមិនអាចធ្វើបាន នៅក្នុងរយៈពេល ២ ឬ ៣សប្តាហ៍នោះទេ។ ផ្ទុយទៅវិញ លទ្ធផលដែលត្រូវឆ្លើយចំពោះសង្គ្រាមនោះ គឺតម្លៃកប់ពពកនៅលើទីផ្សារប្រេង នឹងវិបត្តិសេដ្ឋកិច្ចពិភព លោកតែប៉ុណ្ណោះ ដែលជាចម្លើយច្បាស់លាស់មិនអាចគេចរួចបានឡើយ៕