រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា រួមជាមួយមន្ត្រីរាជការនៃក្រសួងព័ត៌មាន ប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦

03-04-2026 20:24

(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី។

ក្នុងពិធីសូត្រមន្តនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជាទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំងប្រាំពីរសន្តាន ឥស្សរជន និងវីរៈយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ជាពិសេសនៅក្នុងអំឡុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើទឹកដីកម្ពុជា។

បន្ទាប់ពីពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាបានចប់សព្វគ្រប់រួចមក លោក នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ព្រមទាំងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញទស្សនាការសម្តែងរបាំត្រុដិ ព្រមទាំងមានការលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនយ៉ាងសប្បាយរីករាយ។

សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖
* ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០៖៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក
* ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត
* ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក៕