ក្រសួងពាណិជ្ជកម្ម ណែនាំឱ្យមានលក់ដូរប្រកបដោយសុចរិត និងភាពស្មោះត្រង់ ដើម្បីធានាបាននូវការការពារសុខភាពសាធារណៈ និងទំនុកចិត្តពីអតិថិជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី (Video inside)
04-04-2026 10:26
(ភ្នំពេញ)៖ ដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត ការពារបាននូវសុខភាពសាធារណៈ និងទទួលបាននូវទំនុកចិត្តពីអតិថិជននិងអ្នកប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើធុរកិច្ចប្រកបដោយសុចរិត ដើម្បីធានាបាននូវការការពារសុខភាពសាធារណៈ និងទំនុកចិត្តពីអតិថិជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា អគ្គនាយកដ្ឋានសូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់និងប្រកាន់ខ្ជាប់នូវការអនុវត្តល្អ ដូចខាងក្រោម៖
* ការដាក់តាំងលក់ ការផ្សព្វផ្សាយលក់ ការជំរុញការលក់ ការលក់បញ្ចុះថ្លៃ ការភ្ជាប់សេចក្តីបរិយាយ ព័ត៌មានអំពីផលិតផលទំនិញ និងសេវា ឬសកម្មភាពពាក់ព័ន្ធ ត្រូវគោរពតាមគោលការណ៍សុចរិត និងការប្រកួតប្រជែងដោយស្មោះត្រង់
* ត្រូវជៀសវាងការដាក់តាំងលក់ ឬចរាចរណ៍ផលិតផលដែលជាអាទិ៍ មានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នា និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឬការប្រើប្រាស់លេខបារកូដផលិតផល (Barcode) មិនត្រឹមត្រូវដែលធ្វើឱ្យអតិថិជននិងអ្នកប្រើប្រាស់មានការភាន់ច្រឡំ អំពីប្រភពដើមនៃការផលិត ឬអត្តសញ្ញាណរបស់ផលិតផលនោះ
* រាល់ផលិតផល ទំនិញ និងសេវា រួមទាំងផលិតផលប្រេងឥន្ធនៈ ត្រូវមានអនុលោមភាព ឬភាពសមស្រប ទាំងលើគុណភាព សុវត្ថិភាព និងបរិមាណត្រឹមត្រូវ ហើយជៀសវាងការដំឡើងថ្លៃដែលធ្វើឱ្យប៉ះពាល់ ដល់អតិថិជន និងអ្នកប្រើប្រាស់
* ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពម្ហូបអាហារជាអាទិ៍ លក្ខខណ្ឌអនាម័យក្នុងការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការដាក់តាំងលក់ជាដើម
* សូមបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជា ប្រាក់រៀល និងជំរុញឱ្យអតិថិជនទូទាត់ថ្លៃទំនិញជារូបិយប័ណ្ណជាតិ។
ក្នុងករណីសង្ស័យលើភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម សូមលោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និង សាធារណជនមេត្តាជួយសហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦៕





