ក្រសួងអប់រំ ណែនាំឱ្យគ្រប់គ្រងគ្រឹះស្ថានសិក្សា រៀបចំកម្មវិធីកម្សាន្តលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ (Video inside)

04-04-2026 10:54

(ភ្នំពញ)៖ ដើម្បីចូលរួមអភិរក្សនិងលើកកម្ពស់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ ឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន នៅក្នុងឱកាសត្រៀមអបអរសាទរនិង ថ្ងៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រៀបចំកម្មវិធីកម្សាន្តលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ បានបញ្ជាក់ទៀតថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវចាត់ចែងដូចជា៖

ទី១៖ បង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យសិស្សានុសិស្ស និងយុវជនរបស់យើង ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងស្តេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវ ។ល។ និងរាំរបាំប្រជាប្រិយខ្មែរដូចជា របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កន្ទ្រីម។ល។ នៅមុនពេល និង អំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ទី២៖ បង្កលក្ខណៈ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន យុវជនស្ម័គ្រចិត្ត ឱ្យចូលរួមសហការ និងសម្របសម្រួល រៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីគាំទ្រដល់ដំណើរការ លែងល្បែងប្រជាប្រិយ រាំរបាំប្រពៃណីជាតិ និងធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយ។

ទី៣៖ លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនយើងតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ ឬស្លៀកពាក់សមរម្យ ប្រកបដោយកាយវិការសុភាពរាបសានិងការទទួលខុសត្រូវខ្ពស់

ទី៤៖ មិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណាដែលផ្ទុយនឹងការណែនាំខាងលើ ចៀសវាង ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀងដែលមានកាយវិការមិនសមរម្យ ការប្រព្រឹត្តអំពើបៀតបៀន ការស្លៀកពាក់មិនសមរម្យ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់បារី គ្រប់ប្រភេទ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាដើម។

ទី៥៖ សហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី គណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណា ព្យាបាល សហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មានអំពីបាតុភាពមិនប្រក្រតី និងការប្រព្រឹត្តមិនសមរម្យ បង្កអំពើហិង្សា និងបាតុភាពអវិជ្ជមានផ្សេងទៀត ក្នុងគ្រឹះស្ថានសិក្សា ក្នុងន័យរួមចំណែកទប់ស្កាត់ និង ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ទី៦៖ ការណែនាំដែលបានរៀបរាប់ខាងលើ ត្រូវបានអនុញ្ញាតអោយអនុវត្តចាប់ពីថ្ងៃចាប់ផ្តើមនៃវិស្សមកាល តូច និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែប៉ុណ្ណោះ ៕