សម្ដេចសង្ឃ ៤អង្គ និមន្តក្នុងពិធីចម្រើនព្រះបរិត្ត សូមពរជ័យ សិរីសួស្តី ក្នុងឆ្នាំថ្មី នៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ
04-04-2026 11:40
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិកានាយក នាល្ងាច ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ (វគ្គទី២) បានរៀបចំពិធីចម្រើនព្រះបរិត្ត សូមពរជ័យ សិរីសួស្តី ក្នុងឆ្នាំថ្មី តាមប្រពៃណីជាតិ នៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមព្រះអធិបតីភាព៖
*១៖ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអធិបតីរង នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*២៖ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនា និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*៣៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*៤៖ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*៥៖ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះសមាជិកថេរសភា និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*៦៖ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះអនុគណខណ្ឌដូនពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
បើតាមក្រសួងធម្មការនិងសាសនា ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖
*ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០៖៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក
*ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត
*ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក។
សេចក្តីណែនាំរបស់ក្រសួងធម្មការ បានណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទទូទៅបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានា ក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាននូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ។ល។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
























