រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំជីវភាពគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
04-04-2026 13:26
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជីវភាពគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានជូនចំពោះអង្គប្រជុំ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ផ្សារភ្ជាប់មនោសញ្ចេតនារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការងារពង្រឹងសមាជិកគណបក្សមានស្រាប់ និងការពង្រីកសមាជិកថ្មីបន្ថែមរហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនជូនគណបក្ស និងជាតិមាតុភូមិ។
លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមការងារគណបក្សក្រសួងត្រូវបន្ដយកចិត្តទុកដាក់អនុវត្តកិច្ចការឃោសនាកម្មវិធីនយោបាយគណបក្ស ពង្រឹងសតិអារម្មណ៍សមាជិកគណបក្ស ទាំងនៅតាមសាខាគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួង និងនៅតាមមូលដ្ឋានភូមិឃុំគោលដៅ ហើយត្រូវបន្តរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ អនុវត្តរបបចុះមូលដ្ឋាន និងរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាជិកគណបក្សទាំងអស់ត្រូវបន្តរួមសហការគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព និងចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀត៕










































