អ្នកជំនាញកម្ពុជា-ចិន៖ បុណ្យឆេងម៉េង «គោរពបុព្វបុរស បន្សល់អនាគតបៃតង»

04-04-2026 13:28

(ភ្នំពេញ)៖ បុណ្យឆេងម៉េង ដែលប្រជាជនចិនបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនជាង២៥០០ឆ្នាំមកហើយ គឺជាប្រពៃណីដ៏សំខាន់មួយនៃវប្បធម៌ចិន បង្ហាញពីគុណតម្លៃជ្រាលជ្រៅនៃការគោរព ការចងចាំ និងការដឹងគុណចំពោះបុព្វបុរស។ វាមិនត្រឹមតែជាពិធីបុណ្យទេ ប៉ុន្តែជាសញ្ញានៃការភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតឲ្យរួមគ្នាជាសាមគ្គី។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មកកាន់បណ្ដាញព័ត៌មាន Fresh News។

អ្នកជំនាញរូបនេះបានបន្តថា ក្នុងឱកាសនេះ កូនចៅនាំគ្នាទៅសម្អាតផ្នូរ ដាក់ផ្កា និងធ្វើពិធីបួងសួង ដើម្បីរំលឹកដល់គុណបំណាច់ និងបន្តខ្សែស្រឡាយនៃអត្តសញ្ញាណវប្បធម៌ជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការរក្សាប្រពៃណីបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយអប់រំជំនាន់ក្រោយឲ្យយល់ដឹងអំពីតម្លៃគ្រួសារ កិត្តិយស និងសុចរិតភាព ដែលជាគ្រឹះសម្រាប់សង្គមមានសីលធម៌ និងស្ថិរភាព។

ក្នុងបរិបទអភិវឌ្ឍន៍សម័យទំនើបក្នុងរយៈពេលជាង៧០ឆ្នាំនេះ បុណ្យឆេងម៉េងក៏ត្រូវបានបន្ថែមអត្ថន័យថ្មី ដោយភ្ជាប់ជាមួយគោលនយោបាយសេដ្ឋកិច្ចបៃតង។ ជាពិសេសក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រពៃណីឲ្យសមស្របនឹងបរិស្ថានត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដូចជា ការប្រើផ្កាស្រស់ជំនួសវត្ថុបំពុល ការកាត់បន្ថយការដុតក្រដាសប្រាក់បុរាណ និងការថែរក្សាអនាម័យបរិស្ថាននៅតំបន់ស្មសាន។ វាជាគំរូនៃការបញ្ចូលគ្នារវាង «គោរពអតីតកាល» និង «ការពារអនាគត»

អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនខាងលើបានបញ្ជាក់ថា ដោយសារតែការរួមបញ្ចូលយ៉ាងសមស្របរវាងវប្បធម៌បុរាណ និងទស្សនៈអភិវឌ្ឍន៍ទំនើប បុណ្យឆេងម៉េងបានក្លាយជាគំរូមួយនៃការរក្សាអត្តសញ្ញាណជាតិ ខណៈពេលដែលរួមចំណែកសំខាន់ក្នុងការជំរុញសង្គមឲ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង។ វាជាសារបញ្ជាក់ថា ការគោរពបុព្វបុរស និងការពារបរិស្ថាន អាចដើរតួជាដៃគូគ្នា ក្នុងការកសាងអនាគតល្អប្រសើរជាងមុនសម្រាប់មនុស្សជំនាន់ក្រោយ៕