ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ព្រឹត្តិការណ៍ប្រកួតវោហាកោសល្យ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug និងបារីអេឡិចត្រូនិក

04-04-2026 13:48

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវោហាកោសល្យ របស់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug និងបារីអេឡិចត្រូនិក។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានលើកឡើងបែបនេះ ក្រោយការប្រកួតវោហាកោសល្យ របស់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលមានអ្នកចូលរួមជាង២០០នាក់ បានបញ្ចប់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវប្រសាសន៍ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសសើរដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការរៀបចំការប្រកួតឱ្យទទួលបានជោគជ័យ ហើយនិស្សិតទាំងអស់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ ពីការប្រើប្រាស់ App NoDrug និងបារីអេឡិចត្រូនិក ហើយពួកគាត់អាចជាសកម្មជនថ្មីចូលរួមជួយដល់ការងារផ្សព្វផ្សាយ អប់រំ «ខ្ញុំនិងអ្នក មិត្តខ្ញុំនិងមិត្តអ្នក មិនប្រើគ្រឿងញៀន សហគមន៍យើងនឹងមានសុវត្ថិភាព»។

ថ្លែងក្នុងនាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះដែរ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ បានថ្លែងកោតសសើរដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសនិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលបានខិតខំប្រកបដោយមនសិកាស្នេហាជាតិ ស្រឡាញ់សង្គម ជួយសង្គម តាមរយ:ការចូលរួមយ៉ាងស្រួចស្រាល សហការគ្នា សាមគ្គីគ្នា ធ្វើការជាក្រុម និងចូលរួមឆ្លើយតបនៅប្រធានបទចំនួន៣ រួមមាន៖
១៖ តួនាទីយុវជនក្នុងការងារយុទ្ធប្រឆាំងគ្រឿងញៀន
២៖ អត្ថប្រយោជន៍ App NoDrug
និង៣៖ ផលវិបាកនៃបារីអេឡិចត្រូនិចបានយ៉ាងល្អ។

លោក ឡោ រស្មី ក៏សូមឱ្យយកចំណេះដឹង ដែលទទួលបាននេះ ទៅផ្សព្វផ្សាយបន្តបន្ថែមទៀត ដើម្បីរួមគ្នាកសាងបាននូវសហគមន៍មួយ មានសុវត្ថិភាពពីគ្រឿងញៀន មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕