លោក ចាយ បូរិន ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនលោក សួស កាណាន នៅគេហដ្ឋាន

04-04-2026 13:53

(ព្រះសីហនុ)៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់លោក សួស កាណាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់លោក សួស កាណាន ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។

លោក សួស កាណាន បានថ្លែងថា «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមសម្ដែងកតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់»។

លោកបន្ដថា «ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយស និងការរំភើបរីករាយក្រៃលែង ចំពោះសកម្មភាពចុះសួរសុខទុក្ខ របស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ»។

លោកក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍ សមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ លោកបានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជន។ លោកបានសិក្សានៅមហាវិទ្យាល័យគរុកោសល្យខាងជើងនៅទីក្រុងភ្នំពេញ នាឆ្នាំ១៩៦៥-១៩៦៦ និងបានធ្វើជាគ្រូបង្រៀននៅឆ្នាំ១៩៦៦-១៩៦៧ នៅឃុំត្រពាំងរូង ខេត្តកោះកុង ហើយផ្លាស់ទៅខេត្តស្វាយរៀង នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧២ បានផ្លាស់ចូលភ្នំពេញបង្រៀននៅសាលាទួលស្វាយព្រៃវិញ រហូតដល់ថ្ងៃ ១៧ មេសា ១៩៧៥។

នៅខែធ្នូ ឆ្នាំ១៩៧៧ លោកបានលាប្រពន្ធ និងកូនខ្ចីទើបឆ្លងទន្លេបានមួយថ្ងៃមួយយប់ប៉ុណ្ណោះ ទៅរស់នៅក្នុងជុំរំប្រមូលផ្ដុំ ស្រុកឡុងយ៉ាវ ប្រទេសវៀតណាម ក្រោមការដឹកនាំអប់រំនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចូលបម្រើកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលប្រកាសឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨។ លោកបានបំពេញការងារនៅរវសេនាតូចលេខ១២ ដែលមានលោក ប៉េង ប៉ាត់ ជាប្រធានវរៈ និងបានចូលរួមចំណែករំដោះប្រទេសនៅថ្ងៃ ៧ មករា ១៩៧៩។
លុះដល់ខែឧសភា ឆ្នាំ១៩៨១ លោកត្រូវមានគណៈអភិបាលកិច្ចការបក្សក្រុងកំពង់សោម ចាត់ឱ្យទៅបំពេញការងារជាប្រធានមន្ទីរបក្ស និងចាត់ឱ្យធ្វើជាប្រធានគណៈចាត់តាំង និងជាប្រធានគណៈហិរញ្ញវត្ថុផង។ ឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូធ្វើការងារ លោកត្រូវបានថ្នាក់ដឹកនាំដំឡើងមុខងារឋានៈនាទី ជាបន្តបន្ទាប់ មានជាអាទិ៍ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៩ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកំពង់សោម ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥ ជាប្រធានគណៈកម្មាធិការបក្សក្រុងកំពង់សោមនិងបានជាប់ជាសមាជិករដ្ឋសភា ជាតំណាងរាស្រ្តប្រចាំមណ្ឌលក្រុងកំពង់សោមចំនួន៣អាណត្តិជាប់គ្នាគឺ អាណត្តិទី២៖ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣, អាណត្តិទី៣៖ ពីឆ្នាំ ២០០៣ ដល់ ២០០៨ និង អាណត្តិទី៤៖ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។

ជាងនេះទៅទៀត លោកក៏បានខិតខំសិក្សារៀនសូត្របន្ថែមទៀតដូចជាបានសិក្សាជំនាញគ្រប់គ្រងនៅសហរដ្ឋអាម៉េរិករយៈពេលខ្លី នាឆ្នាំ១៩៩៧ តាមការចាត់តាំងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនាសម័យនោះ។ នៅឆ្នាំ១៩៨៤-១៩៨៥ បានចូលរៀនវគ្គអប់រំនយោបាយនិងចាត់តាំងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់ ព្រមទាំងបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា រហូតទទួលបានគោរមងារផ្នែកព្រះពុទ្ធសាសនា ជា «សីលាភិរ័ក្ខសិរីមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត លោកបានចែករំលែកបទពិសោធ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

១៖ យុវជនជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន សូមខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដកស្រង់យកបទពិសោធ ចំណុចល្អៗពីថ្នាក់ដឹកនាំ និងឥស្សរជនជំនាន់មុនដើម្បីបន្ដដឹកនាំប្រទេសជាតិ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ធ្លាប់បានលើកឡើងថា "ក្មេងមានកម្លាំង ស្គាល់ផ្លូវ ឯចាស់មានបទពិសោធ"។

២៖ យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការខិតខំសិក្សារៀនសូត្រ ស្វះស្វែងរកចំណេះដឹង និងចំណេះជំនាញ ឱ្យបានល្អប្រសើររ ដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោក និងការអភិវឌ្ឍរីកចម្រើននៃសកលលោក ជាពិសេសផ្ដោតការយកចិត្តទុកដាក់លើផ្នែកបចេ្ចកវិទ្យាសម័យទំនើប។

៣៖ យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្ស បម្រើគណបក្ស ស្មោះត្រង់ជាមួយគណបក្ស និងប្រទេសជាតិ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

៤៖ យុវជនត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពសង្គម និងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។

៥៖ ត្រូវមានឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិ ជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។

៦៖ សកម្មភាពចុះសួរសុខទុក្ខដល់ឥស្សរជនដែលមានគុណបំណាច់ចំពោះបក្សនិងរដ្ឋរបស់យុវជនគណបក្សថ្នាក់កណ្ដាល តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ជាវប្បធម៌ដ៏ល្អមិនអាចកាត់ថ្លៃបាន ដែលបានបន្តមរតកដ៏ថ្លៃថ្លាពី សម្ដេចតេជោ និងសូមឱ្យយុវជនបក្សបន្តមរតកដ៏ថ្លៃថ្លានេះឱ្យបានទូលំទូលាយ។

លោកប្រធានប្រតិភូ បានសម្ដែងនូវមនោសញ្ចេតនា និងកោតសរសើរចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោក ដែលបានចូលរួមចំណែកបម្រើគណបក្ស និងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវវត្ថុអនុស្សារីយ៍ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះលោក សួស កាណាន និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមជួយបីបាច់ថែរក្សាលោក ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕