ទេសរដ្ឋមន្រ្តី ថោង ខុន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅវត្តគុហនគរ នៅក្នុងស្រុកតាំងគោក

04-04-2026 14:00

(កំពង់ធំ)៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស និងជាតំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅវត្តគុហនគរ ស្ថិតឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីនេះក៏មានការនិមន្ត និងចូលរួមពីព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះអនុគណស្រុកតាំងគោក, ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកតាំងគោក, តំណាងក្រុមប្រឹក្សាខេត្តកំពង់ធំ, លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងក្រុមប្រឹក្សាឃុំពង្រ, មេឃុំ, មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

សមិទ្ធផលនានានៅវត្តគុហនគររួមមាន៖ សាលាកាន់បិណ្ឌ ១ខ្នង , សួនច្បារ, ចាក់សាបក្នុងទីធ្លាវត្ត និងសមិទ្ធផលនានា, ផ្លូវបេតុងក្នុងឃុំ ប្រវែង ២.៥គីឡូម៉ែត្រ ដាំកូនក្ងោក ៣៨៥ដើម, ផ្លូវក្រាលក្រួសក្រហមក្នុងឃុំ ប្រវែង ១០គីឡូម៉ែត្រ និងបង្គោលភ្លើង ៥៧ដើម និងបង្គោលសូឡាចំនួន ២៧៥ដើម ដោយចំណាយថវិកាអស់ជាង ៥៣ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្រ្តី ថោង ខុន បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឮកពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត និងលោក វង្សី វិស្សុត ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកទេសរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា ការកសាងសមិទ្ធផលទាំងនេះមិនគ្រាន់តែជាបុណ្យកុសលដ៏ធំធេងក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការអភិវឌ្ឍនៅមូលដ្ឋានផងដែរ ហើយការចូលរួមបរិច្ចាគធនធានសម្រាប់កសាងសមិទ្ធផលទាំងនេះ បានជួយទៅដល់សង្គមជាតិផង និងបានផលានិសង្ឃដល់ខ្លួនឯងសម្រាប់ជាតិនេះ និងជាតិក្រោយៗទៀត។ ដូចនេះផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺត្រូវដើរទន្ទឹមគ្នា ពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។

ព្រះពុទ្ធសាសនា មានអាយុកាលជាង ២៥០០ឆ្នាំមកហើយ បើគិតមកដល់ឆ្នាំ២០២៦នេះ ពុទ្ធសករាជ បានឈានដល់ ២៥៦៩ ទៅ ២៥៧០ ដែលបង្ហាញពីវ័យចំណាស់ និងការរីកចម្រើននៃសាសនាចាប់ពីសតវត្សទី៦ មុន គ.ស។ ព្រះពុទ្ធសាសនាបែងចែកជា ០២៖ មហាយាន និងហីនយាន (ថេរវាទ)។ ដោយឡែកព្រះពុទ្ធសាសនានៅកម្ពុជាបានចាប់កំណើត និងរស់ឡើងវិញនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ក្រោយថ្ងៃ ៧មករា ១៩៧៩ ព្រះសង្ឃដែលរួចពីសេចក្តីស្លាប់ គឺមានចំនួនតិចតួចប៉ុណ្ណោះ ហើយវិស័យព្រះពុទ្ធសាសនាក៏ចាប់ផ្តើមរស់ឡើងវិញ។ បើគ្មានថ្ងៃ ៧មករា គឺយើងពុំមានអ្វីៗមកដល់សព្វថ្ងៃនេះទេ។ ៧មករា ជាកំណើតទី២របស់ប្រជាជនកម្ពុជា និងជាកំណើតទី២របស់ព្រះពុទ្ធសាសនានៅកម្ពុជា។

លោក ថោង ខុន ក៏បានជម្រាបជូនអំពីរឿងពុទ្ធប្រវត្តិ «មេណ្ឌកសេដ្ឋី» ប្រែថា សេដ្ឋីរូបពពែ និងរឿង «មឃមាណព» អតីតជាតិមុនរបស់ព្រះឥន្ទ ដែលបង្ហាញអំពីការធ្វើបុណ្យ ដាក់ទាន និងផលបុណ្យ អានិសង្ឃដែលទទួលបាន។

ព្រះពុទ្ធសាសនាជាមូលដ្ឋានគ្រឹះនៃវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដើម្បីធ្វើឱ្យព្រះពុទ្ធសាសនាមានសុខដុមរមនីយកម្ម និងនៅបន្តគង់វង្សយូរអង្វែង គឺត្រូវមានកត្តា ០៤សំខាន់មាន (១)ថ្នាក់ដឹកនាំ ជួរព្រះសង្ឃមានធម៌ វិន័យប្រកបដោយគុណភាព, (២) មានពុទ្ធបរិសទ្ធល្អ អាចារ្យល្អ, (៣) មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ និង(៤) មានរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងប្រកបដោយភាពប៉ិនប្រសព្វ។ រាជរដ្ឋាភិបាលបានបង្កើតក្រសួងធម្មការ និងសាសនា ដែលមានតួនាទីសំខាន់ក្នុងការសម្របសម្រួលសកម្មភាព សាសនា ដើម្បីធានាថា សាសនានីមួយៗអនុវត្តសកម្មភាពរបស់ខ្លួនដែលមិនបង្កគ្រោះថ្នាក់ដល់សង្គម ។ រាជរដ្ឋាភិបាលបានបង្កើតឱ្យមានពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីផ្តល់ចំណេះដឹងទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងដើម្បីបណ្តុះស្មារតីសីលធម៌ គុណធម៌ ការរស់នៅដោយសន្តិភាព និងការគោរពច្បាប់ និងដើម្បីថែរក្សា និងផ្សព្វផ្សាយទ្រឹស្តីព្រះពុទ្ធសាសនាឱ្យបានគង់វង្ស។ ព្រមជាមួយនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់គ្រប់គ្រងអាចារ្យ ដែលមកដល់បច្ចុប្បន្ននេះ អាចារ្យដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលមានចំនួន ១២,៧២៨នាក់។

លោក ថោង ខុន បានជម្រាបទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ «ធ្វើសមាហរណកម្មសាសនា» រវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ឱ្យមានសុខដុមនីយកម្មជាមួយគ្នា។ នៅក្នុងគោលនយោបាយសមាហរណកម្មសាសនា គែមាន ០៥ ចំនុចសំខាន់៖ ១- គ្រប់គ្រងជំនឿសាសនា, ២- កសាងនិម្មិតរូបសាសនា, ៣-សមាហរណកម្មតាមការអត់ឱន, ៤- សមាហរណកម្មតាមការសហការ, ៥-សមាហរណកម្មតាមការដាក់លាយបញ្ចូលគ្នា។

លោក ថោង ខុន បានគូសបញ្ជាក់ថា វត្តអារាមមានតួនាទីយ៉ាងសំខាន់ណាស់នៅក្នុងព្រះពុទ្ធសាសនា ជាទីស្នាក់ អាស្រ័យរបស់ព្រះសង្ឃ ជាទីកន្លែងសិក្សាធម៌វិន័យ ធ្វើវិបស្សនា និងសម្តែងធម្មទេសនាអប់រំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ។ ដោយឡែក នៅក្នុងវត្តគហុនគរនេះ គឺមានប្រាសាទបុរាណដ៏ចំណាស់ ហៅថា ប្រាសាទគុហនគរ គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយក្រោយមកបានប្រែក្លាយជាទីវត្តអារាមសម្រាប់ព្រះពុទ្ធសាសនារហូតមកដល់បច្ចុប្បន្ននេះ។ ជាងនេះទៀត ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំក៏មានផែនការរៀបចំវត្តគុហនគរនេះជាវត្តទេសចរណ៍គំរូសម្រាប់ទាក់ទាញទេសចរជាតិ និងអន្តរជាតិផងដែរ។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីសភាពការណ៍ថ្មីៗដែលកើតមានឡើងនៅលើពិភពលោក ដែលបាននិងកំពុងធ្វើឱ្យសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោកមានការធ្លាក់ចុះ ជាពិសេសវិបត្តិនៃសង្គ្រាមរវាងអ៊ីស្រាអែល-អាមេរិក ជាមួយ អ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័ន្ធមានការកើនឡើង ប៉ះពាល់ដល់សេដ្ឋកិច្ច ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន។ ចំពោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកំពុងធ្វើការដោះស្រាយដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។

ចំពោះបញ្ហា Scam Online៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបង្ក្រាប និងបោសសំអាតឱ្យអស់មិនឱ្យមានទីតាំងឆបោក Scam Online នៅលើទឹកដីកម្ពុជានោះទេ និងបានបញ្ជាក់ថា សេដ្ឋកិច្ច Scam online នេះ ជាប្រភេទសេដ្ឋកិច្ចខ្មៅ មិនមានចំណូលចូលថវិការដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិនោះឡើយ មានតែធ្វើឱ្យមុខមាត់ និងកិត្តិយសជាតិអាប់អោនតែប៉ុណ្ណោះ។ សម្តេចបវរធិបតីបានអំពាវនាវឱ្យទាំងអស់គ្នារួមគ្នាក្នុងទស្សន:មួយ និងសកម្មភាពតែមួយ ដើម្បីចូលរួមទប់ស្កាត់ និងបោសសំអាតមូលដ្ឋាន និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។ គណ:រដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយនឹងឈានទៅអនុវត្តនាពេលឆាប់ៗនេះ។

លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិសទ្ទ និងប្រជាពលរដ្ឋចំនួន ០៤ចំនុច៖ ទី១-ត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ, ទី២-ត្រូវរួមកម្លាំងសាមគ្គីជាធ្លុងមួយដើម្បីចូលរួមចំណែកការពារប្រទេសពីការឈ្លានពានពីបរទេស និងរួមកម្លាំងគ្នា ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងម្ចាស់ការខ្លួនឯង, ទី៣-យុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ភូមិសាស្រ្តនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ, ទី៤-ត្រូវចេះរៀនរស់នៅក្នុងសភាពការណ៍ថ្មី (New Normal) ដោយត្រូវចេះសន្សំសំចៃ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងរកវិធីដាំដុះ បន្លែបង្កា និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងទី៥-សូមចូលរួមថែរក្សាសមិទ្ធផលថ្មីៗទាំងនេះឱ្យបានគង់វង្សទុកជាទ្រព្យសម្បត្តិរួម និងជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនទាំងអស់។

ជាចុងបញ្ចប់ លោក ថោង ខុន បានប្រគេនថវិកាដែលទទួលបានពីក្រុមការងារ និងសប្បុរសជន ចំនួន ២១លានរៀល ជូនព្រះចៅអធិការវត្តគុហនគរ និងបានបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់ព្រះចៅអធិការវត្ត និងមន្ត្រីរាជការចំនួន ០៥អង្គ/នាក់ផងដែរ៕