ប្រធាន ស.ស.យ.ក វិស័យសង្គមកិច្ច និងក្រុមការងារ នាំយកក្រមាចំនួន៧៧៥ក្រមា និងបណ្ណជូនពរ ជូនក្រុមការងារយុទ្ធនាការ «១ម៉ឺនក្រមា និងប័ណ្ណជូនពរវីរៈកងកម្លាំងជួរមុខ»

04-04-2026 14:34

(ភ្នំពេញ)៖ លោក ស៊ឹម សុធុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារ ដោយពាំនាំយកក្រមាចំនួន ៧៧៥ក្រមា និងបណ្ណជូនពរ ដែលទទួលបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ថ្នាក់ដឹកនាំ សមាជិក សមាជិកាស.ស.យ.កវិស័យ ជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌល ជូនដល់ក្រុមការងារក្នុងយុទ្ធនាការ «១ម៉ឺនប្រមា និងប័ណ្ណជូនពរវីរៈកងកម្លាំងជួរមុខ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីតាំងធំមុខវត្តបទុមវតី នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ។

ក្រមាចំនួន៧៧៥ក្រមា និងបណ្ណជូនពរ ដែលប្រគល់ជូនពេលនេះ ទទួលបានពីក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផ្ទាល់ ព្រមទាំងជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌល បានរួមគ្នាផ្តល់ជូនជាក្រមា ក៏ដូចជាសរសេរជាសារ បង្ហាញពីទឹកចិត្តដឹងគុណ ដល់វីរកងទ័ព ដែលហ៊ានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន កន្លងមកនេះ។

គួរបញ្ជាក់ថា ស.ស.យ.ក វិស័យសង្គមកិច្ច បន្ទាប់ពីទទួលបានការចូលរួមគាំទ្រដល់ យុទ្ធនាការ «១ម៉ឺនប្រមា និងប័ណ្ណជូនពរវីរៈកងកម្លាំងជួរមុខ» ក៏បានបង្កើតយុទ្ធនាការប្រមូលក្រមានិងបណ្ណជូនពរបង្ហាញពីទឹកចិត្តដឹងគុណ ដល់វីរកងទ័ពចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

គោលបំណងនៃការបង្កើតយុទ្ធការនេះ ដើម្បីជាវេទិកាជូនសាធារណជនក្នុងការបង្ហាញនូវក្ដីនឹករលឹកនិងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិតសាច់ស្រស់ឈាមស្រស់និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត៕