រដ្ឋមន្រ្តី​ ជា វ៉ាន់ដេត ផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម

04-04-2026 16:30

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)​ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង «ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» ដែលជាកិច្ចសហប្រតិបត្តិការ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្នុងការជំរុញផលិតផលក្នុងស្រុក ជំនួសការនាំចូល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ រួមមាន៖

(១)៖ សហគ្រិនត្រូវទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពផលិតកម្ម​ ដែលជាផ្នែកសំខាន់នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន
(២)៖ ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល៖ ក.ប.ទ. នៅតែបន្តជំរុញ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់អាជីកម្មក្នុងស្រុក តាមរយៈគម្រោង​ ថ្នាលសម្រាប់ប្រតិបត្តការអាជីវកម្ម​ (៣)៖ ជំរុញការអភិវឌ្ឍជំនាញ​ តាមរយៈ​ការ​បណ្តុះបណ្តាល​​ដោយវាគ្មិនក្នុងស្រុក​ និងវាគ្មិនល្បីៗ​ មកពីក្រៅប្រទេស​ ជាពិសេសបញ្ចូលចំណេះដឹងស្ដីពីបញ្ញាសិប្បនិម្មិត (AI)
(៤)៖ រៀបចំសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center)​ ដើម្បីផ្តល់ជាទីកន្លែងធ្វើការរួម (Co-working Space) បន្ទប់បណ្តុះបណ្តាល និងបណ្តាញទំនាក់ទំនងសម្រាប់សហគ្រិន
និង (៥)៖ លើកទឹកចិត្តដល់ធុរកិច្ចជន និងសហគ្រិនទាំងអស់ ក្នុងការរកឱកាសពង្រីកអាជីវកម្មតាមរយ: «សួនឌីជីថលកម្ពុជា» (Cambodia Digital Park) ដែលជាការបោះជំហាន ដ៏សំខាន់ ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់បំប្លែងអាជីវកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មវៃឆ្លាត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕