ក្រសួងបរិស្ថាន ជំរុញរបៀបវារៈគោលដៅអភិវឌ្ឍន៍ដោយចីរភាព តាមរយៈការផ្សារភ្ជាប់អន្តរកម្មរវាង «ភាពចម្រុះនៃវប្បធម៌ និងជីវៈចម្រុះ» ក្នុងមហោស្រពអន្តរជាតិកម្ពុជា ឆ្នាំ២០២៦

04-04-2026 20:08

(ភ្នំពេញ)៖ ឈរលើទស្សនទាននៃភាពមិនអាចកាត់ផ្តាច់បានរវាងការអភិរក្សធម្មជាតិ និងការលើកស្ទួយគុណតម្លៃមនុស្សជាតិ លោកស្រី អឿន បញ្ចនាថ អនុរដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកជាផ្លូវការនូវ «មហោស្រពអន្តរជាតិនៃភាពចម្រុះវប្បធម៌កម្ពុជា» ដែលរៀបចំឡើងដោយក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន នៅសាលាអន្តរជាតិផារ៉ាហ្គន រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ពហុវប្បធម៌ដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ផារ៉ាហ្គន លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងទេសចរណ៍ ព្រមទាំងមានវត្តមានតំណាងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។ ការជួបជុំពហុវិស័យនេះ គឺជាសក្ខីភាពសបញ្ជាក់យ៉ាងច្បាស់ពី «ភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព» ក្នុងការរួមចំណែកកសាងសង្គមជាតិ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ដោយ លោកស្រី ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ផារ៉ាហ្គន បានរំលេចពីចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការប្រែក្លាយស្ថាប័នអប់រំនេះ ឱ្យទៅជាមជ្ឈមណ្ឌលនៃការផ្សារភ្ជាប់វប្បធម៌សកល និងការកសាងពលរដ្ឋពិភពលោក។ ក្នុងឱកាសនោះដែរ លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ ដោយវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព តាមរយៈការលើកម្ពស់សន្តិសហវិជ្ជមាន និងការអភិរក្សបេតិកភណ្ឌវប្បធម៌អន្តរជាតិ។

មហោស្រពបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងរស់រវើក តាមរយៈទស្សនីយភាពសិល្បៈប្រពៃណី និងការតាំងពិព័រណ៍ របស់សិស្សានុសិស្ស សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មកពីបណ្តាប្រទេសចម្រុះជាតិសាសន៍ចំនួន ២០ រួមមានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត អឺរ៉ុប និងអាហ្វ្រិក ជាដើម។

វត្តមានរបស់ក្រសួងបរិស្ថាន នៅក្នុងកម្មវិធីនេះគឺជាការគូសបញ្ជាក់ពីរបៀបវារៈសកលនៃការអភិវឌ្ឍដោយចីរភាព ដោយផ្សារភ្ជាប់ «ភាពចម្រុះនៃវប្បធម៌» ទៅនឹង «ភាពចម្រុះនៃជីវៈចម្រុះ»។ ការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេចទៅបានគឺ ទាមទារឱ្យមានតុល្យភាពរវាងសសរស្តម្ភទាំងបួនគឺ៖ កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម កិច្ចគាំពារបរិស្ថាន និងការអភិរក្សវប្បធម៌។ ផ្អែកលើមូលដ្ឋាននេះ សង្គមដែលមានការអត់ឱន និងគោរពភាពចម្រុះវប្បធម៌ គឺជាសង្គមដែលមានសមត្ថភាពខ្ពស់ក្នុងការសហការគ្នាថែរក្សា «ផែនដីជាផ្ទះរួម» ដែលជាកាតាលីករជំរុញសកម្មភាពអាកាសធាតុ និងការការពារប្រព័ន្ធអេកូឡូស៊ីលើដីឱ្យមាននិរន្តរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានចូលរួមការតាំងពិព័រណ៍បង្ហាញ «សំណាកផូស៊ីល និងជីវៈចម្រុះ» ជូនដល់សាធារណជន និងសិស្ស-និស្សិត។ ការដាក់តាំងនេះគឺជាយន្តការអប់រំបែបវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រធម្មជាតិដ៏រស់រវើកនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងពីប្រវត្តិ និងមរតកធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផុសស្មារតីយុវជនឱ្យក្លាយជាតួអង្គសកម្ម ក្នុងការចូលរួមការពារបរិស្ថានប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់។

ក្រសួងបរិស្ថាន សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍ដែលមានលក្ខណៈអប់រំ និងលើកស្ទួយតម្លៃវប្បធម៌ និងបរិស្ថានបែបនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា «មហោស្រពវប្បធម៌អន្តរជាតិកម្ពុជា» នឹងបន្តក្លាយជាវេទិកាប្រចាំឆ្នាំដ៏សំខាន់ ក្នុងការរួមចំណែកកសាងសង្គមជាតិមួយដែលសម្បូរណ៍សប្បាយ ប្រកបដោយភាពសុខដុមរមនារវាងមនុស្ស វប្បធម៌ និងធម្មជាតិ។ ព្រឹត្តិការណ៍នេះ បានដើរតួនាទីជាថ្នាលបណ្តុះបណ្តាលឆន្ទៈយុវជន ឱ្យក្លាយជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីអនាគតមួយដែលប្រកបដោយបរិយាបន្ន វិបុលភាព និងសុខុមាលភាពសង្គម៕