ថៃប្រកាសអាសន្នក្នុងខេត្តចំនួន៣ ដោយសារភ្លើងឆេះព្រៃ និងកម្រិតភាគល្អិតនិចល PM2.5 កើនឡើង (Video inside)

04-04-2026 20:47

(បាងកក)៖ អាជ្ញាធរថៃ​នៅក្នុងខេត្ត Chiang Mai Lamphun និងខេត្ត Phayao បាន ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃ និងកម្រិតភាគល្អិតនិចល PM2.5 កំពុងកើនឡើង។ ការប្រកាសអាសន្ននេះគ្រប់ដណ្ដប់លើស្រុកចំនួន១៧។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានថៃ The Nation។

ក្រសួងមហាផ្ទៃថៃ បាននិងកំពុងបង្កើនវិធានការឆ្លើយតបនឹងភ្លើងឆេះព្រៃដ៏អាក្រក់ និង​វិបត្តិ​ផ្សែងអ័ព្ទនៅភាគខាងជើងនៃប្រទេស ជាមួយការប្រកាសដាក់ខេត្តចំនួន៣ក្នុងភាព​អាសន្ន ក្នុងគោលបំណងពន្លឿន និងសម្រួលការផ្ដល់ជំនួយ។ លេខាធិការអចិន្ត្រៃយ៍​ក្រសួង​មហាផ្ទៃថៃ​ លោក Arsit Sampantharat បានឱ្យដឹងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា អភិបាលខេត្តនៅក្នុងខេត្ត Chiang Mai, Lamphun និងខេត្ត Phayao បានប្រកាសភាពអាសន្នរួចរាល់ហើយ បន្ទាប់ពីការវាយតម្លៃចុងក្រោយបំផុត​អំពី​ភ្លើងឆេះព្រៃ ផ្សែងអ័ព្ទ និងកម្រិតភាគល្អិតនិចល PM2.5 នៅទូទាំងខេត្តនៃ ភាកខាងជើងប្រទេសចំនួន១៧។

ការប្រកាសអាសន្នបានគ្រប់ដណ្ដប់លើស្រុកចំនួន១៧។ នៅ Chiang Mai ការ​ប្រកាស​អាសន្នគ្របដណ្ដប់លើស្រុកចំនួន៧ ដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ក្នុងនោះរួមមាន Hot, Samoeng, Doi Saket, Chiang Dao, Mae Wang, Mae Taeng និង Mae Rim។ ចំណែក នៅក្នុងខេត្ត Lamphun ការប្រកាសអាសន្នបានធ្វើឡើង​លើ​ស្រុក Li ដោយសារតែកម្រិតភាគល្អិតនិចល PM2.5 កើនឡើង។ ចំណែក នៅខេត្ត Phayao ការប្រកាសអាសន្នបានអនុវត្តលើស្រុកចំនួន៩ Mueang Phayao, Chun, Chiang Kham, Chiang Muan, Dok Khamtai, Pong, Mae Chai, Phu Sang និង Phu Kamyao។

តាមក្រសួងមហាផ្ទៃថៃ ការប្រកាសភាពអាសន្នខាងលើធ្វើឡើងក្នុងគោលបំណង​សម្រប​សម្រួល និងបង្កើតសាមគ្គីភាពក្នុងការគ្រប់គ្រងវិបត្តិ និងអនុញ្ញាតឱ្យអភិបាលខេត្ត​នីមួយៗ​អាចប្រើប្រាស់កញ្ចប់ ថវិកាសម្រាប់គ្រាអាសន្នឆ្នាំ២០២៦ ព្រមទាំងកញ្ចប់ថវិកាពាក់ព័ន្ធ៕