បណ្ឌិត ញិល រដ្ឋា៖ Anutin កំពុងលេងល្បែងអភិរក្សបែបហ្វាស៊ីសនិយមសម្រាប់អ្នកជិតខាង
04-04-2026 21:50
(ភ្នំពេញ)៖ តាមរយៈសកម្មភាពកងទ័ពថៃនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានលោកបណ្ឌិល ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ជម្រុញឲ្យយុវជនកម្ពុជា ក្រឡេកមើលឱ្យបានច្បាស់ និងប្រកបដោយការថ្លឹងថ្លែងខ្ពស់បំផុត។ ព្រោះនេះមិនមែនគ្រាន់តែជាការវាស់ដីចែកឱ្យកសិករថៃធម្មតានោះទេ ប៉ុន្តែវាគឺជា «ល្បែងដោះដូរវាសនាជាតិ» ដ៏គ្រោះថ្នាក់បំផុតដែលរដ្ឋាភិបាលលោក Anutin (អភិរក្សបែបហ្វាស៊ីសនិយម-Conservative fascism) កំពុងលេងដើម្បីបិទបាំងវិបត្តិផ្ទៃក្នុងរបស់ខ្លួន។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News។
អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិល ញិល រដ្ឋា បានបង្ហាញកត្តាចម្បងៗដែលបញ្ជាក់ពី «ល្បែងដោះដូរវាសនាជាតិ» ដ៏គ្រោះថ្នាក់បំផុតដែលរដ្ឋាភិបាលលោក Anutin (អភិរក្សបែបហ្វាស៊ីសនិយម-Conservative fascism) កំពុងលេងដើម្បីបិទបាំងវិបត្តិផ្ទៃក្នុងរបស់ខ្លួនមានដូចជា៖
១. យុទ្ធសាស្ត្រ «របាំងឈាមរាស្ត្រ»
Anutin កំពុងប្រើប្រាស់ពលរដ្ឋថៃស្លូតត្រង់ឱ្យក្លាយជាចំណាប់ខ្មាំងនយោបាយ៖
- ចងភ្ជាប់ផលប្រយោជន៍នឹងអំពើខុសច្បាប់៖ នៅពេលកសិករថៃចូលមកដាំដុះលើដីខ្មែរ ពួកគេនឹងក្លាយជាអ្នកការពារដីនោះស្លាប់រស់ ព្រោះវាជាប្រភពចំណូលគេ។ ថៃចង់ឱ្យកម្ពុជាពិបាកសម្រេចចិត្ត៖ បើប្រើច្បាប់ ឬយោធាដេញចេញ គេនឹងចោទថាយើងធ្វើបាប «ជនស៊ីវិល»។
- ការបន្លំភស្តុតាងលើឆាកអន្តរជាតិ៖ ថៃចង់បង្ហាញទៅតុលាការអន្តរជាតិថា «មានតែជនជាតិថៃទេដែលរស់នៅទីនេះ» ដើម្បីបដិសេធផែនទីផ្លូវការរបស់កម្ពុជា។
២. ការបណ្តុះ «មេរោគរើសអើងពូជសាសន៍» រយៈពេលវែង
នេះគឺជាដំបៅដែលគ្រោះថ្នាក់បំផុតសម្រាប់យុវជនជំនាន់ក្រោយ៖
- ការស្អប់ខ្ពើមគ្នារវាងអ្នកជិតខាង៖ ជម្លោះដីធ្លីនេះនឹងបង្កើតឱ្យមានការរើសអើងពូជសាសន៍រវាងខ្មែរ និងថៃ ដែលធ្លាប់តែរកស៊ីជាមួយគ្នា។
- មនោគមវិជ្ជាបំពុលប្រវត្តិសាស្ត្រ៖ ក្មេងៗថៃដែលធំដឹងក្ដីលើដីដែលគេលួចចែកឱ្យនោះ នឹងយល់ច្រឡំថាខ្លួនជា «ម្ចាស់ដី» ខណៈយើងជា «អ្នកការពារទឹកដី»។ ជម្លោះនេះនឹងអូសបន្លាយមិនចេះចប់។
៣. ហេតុអ្វីបានជាAnutin លេងល្បែងនេះនៅពេលនេះ?
ចម្លើយគឺសាមញ្ញ៖ «ដោះស្រាយវិបត្តិគេ ដោយប្រើដីយើង»។
- ថ្នាំបំបាត់ការឈឺចាប់នៃអតិផរណា៖ នៅពេលទំនិញឡើងថ្លៃ ប្រជាប្រិយភាពរដ្ឋាភិបាលថៃធ្លាក់ចុះ។ លោក Anutin ត្រូវការ «បញ្ហាព្រំដែន» ដើម្បីដុតបញ្ឆេះកំហឹងជាតិនិយម បង្វែរដានពលរដ្ឋឱ្យភ្លេចរឿងក្រពះ ហើយងាយស្រួលគ្រប់គ្រងអំណាច។
- ចំណាប់ខ្មាំងថាមពល (OCA)៖ ថៃកំពុងអត់ថាមពលមិនបាន។ គេប្រើភាពតានតឹងនៅព្រំដែនដីគោក ដើម្បីធ្វើជា «ឈ្នាន់សង្កត់» កម្ពុជាក្នុងកិច្ចចរចាប្រេង និងហ្គាសនៅសមុទ្រ។ គេចង់ឱ្យយើងចាញ់ដៃលើដីគោក ដើម្បីដោះដូរយកផលប្រយោជន៍សមុទ្រ។
៤. ការចាក់សោរយន្តការសន្តិភាព (MOU 2000)
ការសាងសង់សំណង់ និងការដាក់ពលរដ្ឋឱ្យរស់នៅ គឺជាការ «ចាក់សោរបង» មិនឱ្យមានការចរចា៖
- វារំលោភលើស្មារតីសន្តិភាព និងបង្កការលំបាកដល់អ្នកចរចាជំនាន់ក្រោយ។ បើAnutinដាក់ពលរដ្ឋឱ្យនៅហើយ គេនឹងលែងហ៊ានចរចាដកថយ ព្រោះខ្លាចបាត់បង់សម្លេងឆ្នោត។
៥. យុទ្ធសាស្ត្រតបត
- ពង្រឹងចំណេះដឹងផ្នែកច្បាប់ និងផែនទី៖ យុវជនត្រូវដឹងថាផែនទី ១/២០០,០០០ គឺជាអាវុធងាប់រស់របស់យើង។
- សាមគ្គីភាពជាតិ៖ កុំឱ្យល្បែងបង្វែរដានរបស់ក្រុមAnutinមកបំបែកបំបាក់ស្មារតីយើងបាន។
- សម្ពាធឌីជីថល៖ ប្រើប្រាស់បណ្ដាញសង្គមលាតត្រដាងការពិតទៅកាន់ពិភពលោក ឱ្យគេឃើញពីមហិច្ឆតាអមនុស្សធម៌របស់រដ្ឋាភិបាលលោក Anutin។
- ជាពិសេសជំរុញឲ្យអន្តរជាតិឲ្យមើលមកក្រុមដឹកនាំនេះក្រោមរូបភាពមានផ្នត់គំនិត និងមនោគមន៍អភិរក្សបែបហ្វាស៊ីសនិយមចំពោះកម្ពុជា។
«ក្នុងសមរភូមិសតវត្សទី ២១ អ្នកឈ្នះមិនមែនជាអ្នកដែលមានកាំភ្លើងច្រើនជាងគេឡើយ ប៉ុន្តែគឺជាអ្នកដែលចេះមើលល្បែងពូជសាសន៍, បរិបទភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច»៕






