កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនល្មើស២២នាក់ (ចិន វៀតណាម និងខ្មែរ) និងដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម

04-04-2026 22:14

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរសរុប២២នាក់ ហើយដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជាច្រើនទៀត។

ប្រតិបត្តិការបំបែកបទល្មើសគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំង អ.ហ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ។

កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់ (ស្រី៣) ជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) និងជនជាតិខ្មែរ ចំនួន៣នាក់ (ស្រី១នាក់)។

របាយការណ៍បានបន្តទៀតថា ក្រោយចាប់ជនល្មើសទាំង២២នាក់ កម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀន សារធាតុផ្សំ និងវត្ថុតាងជាច្រើនទៀត រួមមាន៖

១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម
២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម
៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម
៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូ ទម្ងន់សុទ្ធ ៤៩៤ ក្រាម
៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម
៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម
៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម
៨- សារធាតុគីមីផ្សំ ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។

២/ រថយន្តចំនួន ០៦ គ្រឿង
៣/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)
៤/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប)
៥/ ម៉ូតូចំនួន ០៤ គ្រឿង
៦/ ទូរស័ព្ទចំនួន ៣៣ គ្រឿង
៧/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)
៨/ បណ្ណការងារចំនួន ១៤ បណ្ណ(ចិន)
៩/ បណ្ណបើកបរចំនួន ០៣ បណ្ណ
១០/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់
១១/ ជញ្ជីង ចំនួន ៣៨ គ្រឿង
១២/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។

សម្រាប់ជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីទៀត។