អ្នកទទួលផលចោរកម្ម សារភាពថា ទិញឡានដែលចោរលួចនៅស្រុកពាមរក៏ តម្លៃ១៦០០ដុល្លារ ហើយលក់បន្តបាន២៣០០ដុល្លារ, កម្លាំងសមត្ថកិច្ចបង្ខំផ្ទុះអាវុធឡើងលើ ក្រោយប្រជាពលរដ្ឋមកឡោមព័ទ្ធចង់រំដោះចោរលួចឡាន (Video inside)

05-04-2026 08:30

(កំពង់ស្ពឺ)៖ អ្នកទទួលផលចោរកម្ម បានសារភាពថា ឡាន Hyundai ដែលគាត់ទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត ២៣០០ដុល្លារ។

តាមស្តាប់ការសារភាពរបស់គាត់, បានន័យថា គាត់តែងតែទទួលទិញឡានដែលគ្មានឯកសារត្រឹមត្រូវ ពោលទិញពីមុខសញ្ញាដែលលួចពីកន្លែងផ្សេង ហើយមកលក់ឲ្យគាត់ រួចហើយគាត់កាប់សាច់ (បំបែកគ្រឿង) យកលក់បន្តទៀត។

ផ្តើមចេញពីកន្លែងគាត់នេះហើយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវករណីចោរលួចឡានមួយគ្រឿងនៅស្រុកពាមរក៏ ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យនៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតកើតបាតុភាពប្រជាពលរដ្ឋ ទៅឡោុមព័ទ្ធឡានរបស់នគរបាលដែលដឹកជនល្មើស ដើម្បីចង់រំដោះយកចេញ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

ដោយសារតែប្រជាពលរដ្ឋ តវ៉ាកាន់តែខ្លាំង ហើយឈានដល់ការបិទផ្លូវ ចាក់បំបែកកង់ឡាន និងវាយឡានរបស់នគរបាលបណ្តាលឲ្យខូចខាតទៀតនោះ ទើបកម្លាំងបានសម្រេចផ្ទុះអាវុធឡើងលើ ដើម្បីបំបែកក្បួនតវ៉ា។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។