ភរិយាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ផ្តល់អំណោយជូនវីរកងទ័ពជួរមុខ
05-04-2026 13:10
(ភ្នំពេញ)៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព ដោយក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពជួរមុខនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកងទ័ពធ្វើដំណើរទៅកាន់សមរភូមិមុខជាលើកទី១៥ ដើម្បីចុះសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ និងសម្តែងការគោរពដឹងគុណចំពោះវីរភាពរបស់កងទ័ព កងពលតូចអន្តរគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នងដំណើរនេះដែរ លោកស្រី ចាយ ច័ន្ទរ៉ានី និងក្រុមការងារកងពល បានរៀបចំធ្វើស៊ុបគោ គុយទាវ ក្តៅៗ ដោយផ្ទាល់ដៃដ៏មានឱជារសជូនដល់បងប្អូនកងទ័ពកងពលតូចអន្តរាគមន៍លេខ៤ ពិសារនាពេលព្រឹកព្រលឹម រួមទាំងកាហ្វេ និងភេសជ្ជៈថែមទៀតផង។ ក្រៅពីស៊ុបគោ គុយទាវ ក្តៅៗ និងភេសជ្ជៈទាំងនោះ លោកស្រី ក៏បាននាំយកគ្រឿងឧបភោគបរិភោគនិងស្បៀងបម្រុងជាច្រើនរួមមានសាច់គោ សាច់ជ្រូក ត្រី បន្លែស្រស់ៗជាច្រើនមុខ និងថវិកាចំនួន ២.០០០.០០០រៀល ជូនវីរកងទ័ពជួរមុខយើង។
សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់លោកស្រីភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត និងស្មារតីស្នេហាជាតិដ៏មោះមុត។
ក្នុងនាមជាស្ត្រីដែលនៅពីក្រោយខ្នងនៃភាពជោគជ័យ និងជាបង្គោលគ្រួសាររបស់មេទ័ព លោកស្រីបានបង្ហាញថា ការការពារជាតិមិនមែនជាភារកិច្ចរបស់អ្នកកាន់អាវុធតែម្យ៉ាងនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរួមរបស់អ្នកដែលនៅជួរក្រោយក្នុងការផ្ដល់នូវកម្លាំងចិត្ត និងការគាំទ្រផ្នែកស្មារតី។
រាល់ការរៀបចំស៊ុបក្ដៅៗមួយវែក និងការផ្ដល់ជូនសាច់បង្ការបន្លែបង្ការទាំងនេះ គឺជាសារដាស់តឿនយ៉ាងកក់ក្ដៅថា៖«បងប្អូនកងទ័ពមិនដែលនៅឯកោឡើយ»។
ទឹកចិត្តលះបង់របស់លោកស្រី ចាយ ច័ន្ទរ៉ានី ដែលមិនខ្លាចភាពនឿយហត់ក្នុងដំណើរទៅកាន់តំបន់ដាច់ស្រយាល គឺជាគំរូនៃសាមគ្គីភាពជាតិ ដែលជួយពង្រឹងសតិអារម្មណ៍កងទ័ពឱ្យកាន់តែរឹងមាំ ហ៊ានពលីគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី។ នេះហើយគឺជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ដែលកើតចេញពីបេះដូងស្ត្រីខ្មែរ ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ៕






































