សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រតិកម្មយ៉ាងខ្លាំងលើការនិយាយក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់, ស្នើរៀនភាសាខ្មែរ និងលើកតម្លៃភាសាខ្មែរ (Video inside)
05-04-2026 13:11
(ភ្នំពេញ)៖ ភាសា គឺជាធាតុមួយនៃវប្បធម៌ ដែលជាមែកធាងនៃអរិយធម៌។ នៅពេលឃើញមានវិដេអូមួយចែកចាយតៗគ្នា បង្ហាញការនិយាយក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់ លោកស្រីបណ្ឌិត ព្រុំ ទេវី សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រតិកម្មយ៉ាងខ្លាំង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ លោកស្រី បណ្ឌិត ព្រុំ ទេវី បានស្នើកូនខ្មែរ មេត្តារៀនភាសាខ្មែរចេះឲ្យច្បាស់លាស់ និងលើកតម្លៃភាសាខ្មែរផងដែរ។ ជាគ្រូបង្រៀនម្នាក់ផងនោះ លោកស្រីតែងតែខិតខំប្រើប្រាស់ភាសាខ្មែរជានិច្ច នៅម៉ោងបង្រៀន ព្រោះអត់លំបាកអ្វីទេ បើខិតខំរៀនភាសាជាតិឲ្យចេះនោះ។
បើតាមសមាជិក្រុមប្រឹក្សាជាតិភាសាខ្មែរ កម្ពុជាយើងក៏មានត្រាប់សូរភាសាបរទេសយកមកប្រើដែរ នៅពេលភាសានោះពិបាកបកប្រែពេក។ ម្យ៉ាងទៀត កម្ពុជាក៏ខ្ចីភាសាបរទេស សំស្ក្រឹត និងបាលី មួយម៉ាត់ៗ មកប្រើដែរ ប៉ុន្តែមិនមែនឲ្យខ្មែរយើងនិយាយមួយឃ្លាមានខ្មែរមួយកំណាត់ និងបរទេសមួយកំណាត់នោះទេ។
«សូមកុំនិយាយខ្មែរផង បរទេសផងច្រើនពេក វាមិនឡូយទេ តែបង្ហាញថា យើងមិនចេះភាសាខ្មែរ»។ នេះបើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់ តែស្រលាញ់ភាសាជាតិ និងខិតខំថែរក្សាអក្សរជាតិ។
មានមតិនៅលើបណ្តាញសង្គមក៏បានប្រតិកម្មចំពោះការនិយាយក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់ផងដែរ។ ពួកគាត់ បានទទួលស្គាល់ថា ពេលខ្លះនិយាយលាយអងគ្លេស់ដែរ តែនិយាយតែពាក្យណា ដែលរកនឹកជាភាសារខ្មែរអត់ឃើញ និងទម្លាប់ដែលខ្មែរខ្ចីភាសាគេមកប្រើ។
«ហួចកូនហ្នឹងស្តាយអី? និយាយអីចឹងឲ្យជនជាតិណាស្តាប់? គេថាឡូយ ឬពេលនិយាយបែបនឹង? ឬក៏អត់ចេះនិយាយខ្មែរពេញលេញ? ឬជោរពេក និយាយភាសារខ្មែរទៅវាមិនសមនឹងសម្ថភាពខ្លួន? និយាយមែន មួយជីវិតខ្ញុំស្គាល់អ្នកចេះអងគ្លេសច្រើនណាស់ កូនខ្មែរអាគាំងក៏ច្រើន តែអត់ដែលលឺនរណានិយាយបែបនេះបានឆ្ងល់»។ នេះបើតាមការបង្ហោះសាររបស់ហ្វេសប៊ុក Sweetie Berry។
សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែលមានការចែកចាយការនិយាយ ក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអងគ្លេសមួយកំណាត់។ នៅលើបណ្តាញសង្គម ក៏មានការស្នើឲ្យអ្នកនិយាយបែបនេះរៀនពីកំហុសខ្លួន ដើម្បីលើកតម្លៃភាសាជាតិ៕






