រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវឱ្យរួមគ្នាពង្រឹងសន្តិភាព បង្កើនការអភិវឌ្ឍ និងជួយគ្នាក្នុងពេលលំបាក ដើម្បីកសាងអនាគតកម្ពុជាមួយឱ្យកាន់តែរុងរឿង

05-04-2026 13:18

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអំពាវនាវដល់កម្មករ កម្មការិនី និងនិយោជិត ត្រូវរួមគ្នាពង្រឹងសន្តិភាព បង្កើនការអភិវឌ្ឍ និងជួយគ្នាក្នុងពេលលំបាក ដើម្បីកសាងអនាគតកម្ពុជាមួយឱ្យកាន់តែរុងរឿង។ លោកបានបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង ហើយការដែលបងប្អូនមានការងារធ្វើ និងមានចំណូលសមរម្យដូចសព្វថ្ងៃ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍។

លោករដ្ឋមន្ត្រីបានអំពាវនាវបែបនេះ នៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនកម្មករ កម្មការិនី និងនិយោជិត មកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងស្រុកក្រគរ សរុបប្រមាណជាង ៦ពាន់នាក់ ដោយបានការចូលរួមពីសំណាក់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ព្រមទាំងប្រតិភូអមដំណើរ អាជ្ញាធរស្រុក-ឃុំ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុត ពីសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងារ របស់បងប្អូនកម្មករ នៅទូទាំងប្រទេសជានិច្ច។

លោករដ្ឋមន្ត្រីបានលើកឡើងថា ទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេង និងឧស្ម័នសកលហក់ឡើងខ្ពស់ ប៉ុន្តែរាជរដ្ឋាភិបាល បានសុខចិត្តខាតបង់ថវិកាពី ៦០ ទៅ ៧០លានដុល្លារក្នុងមួយខែ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃប្រេង និងឧស្ម័នមិនឱ្យឡើងថ្លៃខ្ពស់ និងការពារកុំឱ្យដាច់ស្តុកប្រេង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ បច្ចុប្បន្នកម្ពុជាមានមោទនភាព ដែលប្រើប្រាស់ថាមពលស្អាតរហូតដល់ ៨៦% ដែលនេះជាខែលការពារយ៉ាងរឹងមាំ សម្រាប់សន្តិសុខថាមពលក្នុងស្រុក។

លោកបានបន្ថែមថា រដ្ឋាភិបាលក៏បានសម្រេចទម្លាក់ពន្ធលើរថយន្តអគ្គិសនី (EV) និងគ្រឿងបរិក្ខាពាក់ព័ន្ធមកនៅ ០% ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតជំនួស និងកាត់បន្ថយចំណាយរបស់បងប្អូន។ ជាមួយគ្នានោះ ក្រសួងការងារ ដោយបានគាំពារពីរាជរដ្ឋាភិបាល ក៏បានជួយសម្រាលបន្ទុកថ្លៃដឹកជញ្ជូន ជូនកម្មករ-កម្មការិនី។ ដោយឡែក សម្រាប់បងប្អូនអ្នករត់កង់៣ កញ្ចប់វិធានការអន្តរាគមន៍ ក៏ត្រូវបានត្រៀមរួចជាស្រេច ដើម្បីជួយសម្រួលក្នុងដំណាក់កាលអន្តរកាលនេះផងដែរ។

ជុំវិញករណីជម្លោះព្រំដែន កម្ពុជា-ថៃ លោក កែវ រតនៈ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ព្រោះថាខ្មែរយើង គឺជាជាតិសាសន៍ដែលឆ្អែតឆ្អន់នឹងសង្គ្រាម ស្រឡាញ់សន្តិភាព និងមានសេចក្តីថ្លៃថ្នូរបំផុត។

លោកបានបង្ហើបពីគម្រោងសិក្សាបង្កើត តំបន់សេដ្ឋកិច្ចពិសេសទី២ ក្នុងខេត្តពោធិ៍សាត់ ដើម្បីបង្កើនទីការងារជូនពលរដ្ឋ ក្នុងមូលដ្ឋាន និងក្នុងតំបន់។ ទន្ទឹមនឹងនេះ កីឡដ្ឋានសម្តេចតេជោក្រគរ ដែលមានតម្លៃជិត៦លានដុល្លារ គ្រោងនឹងសម្ពោធនាពេលខាងមុខ រួមទាំងផ្សារទំនើប ស្ថានីយសាក រថយន្តEV និងអាហារដ្ឋាន ដែលមានទំហំធំជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ក៏នឹងលេចចេញរូបរាងព្រមគ្នាផងដែរ។

លោករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា តំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសទាំងឡាយដែលកំពុងដំណើរការនាពេលនេះ គឺជាផ្លែផ្កាដែលកើតចេញពីសន្តិភាព។ បើគ្មានសន្តិភាព ក៏គ្មានការវិនិយោគ ហើយក៏គ្មានការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនោះដែរ។ ដូច្នេះការចូលរួមថែរក្សាសុខសន្តិភាព គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីបន្តជំរុញសន្ទុះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់គ្រប់គ្រួសារ ចូលរួមដាំដើមឈើយ៉ាងតិចឱ្យបានម្នាក់ ១ដើម ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ឱ្យទៅជាខេត្តបៃតង និងត្រជាក់ត្រជុំ សម្រាប់ការទាក់ទាញទេសចរ និងវិនិយោគិនផងដែរ។

បើតាមលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៦នេះ ស្រុកក្រគរ មានរោងចក្រ សហគ្រាស ចំនួន១៥ទីតាំង ក្នុងនោះរោងចក្រ សហគ្រាស ចំនួន០៨ទីតាំង មានវិនិយោគិនខ្មែរ និងបរទេស និង០៧ទីតាំងទៀត មានវិនិយោគិនជាខ្មែរ។ រោងចក្រ សហគ្រាសទាំងនេះ មួយចំនួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមួយចំនួនទៀតស្ថិតនៅ ក្នុងបណ្តាឃុំ ក្នុងស្រុកក្រគរ។ ចំពោះកម្មករ កម្មការិនី និងនិយោជិត ដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីសំណេះសំណាលនាឱកាសនេះ មានចំនួន៦,៣០៥នាក់ ស្រី៤,៦១៥នាក់៕